(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីហែលទឹក និងអត្តពលកម្មជម្រើសជាតិកម្ពុជា បានទទួលកម្មវិធីប្រកួតផ្លូវការ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ហើយ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម។

នាយបេសកកម្មខាងលើបានបញ្ជាក់ថា សម្រាប់កីឡាហែលទឹកទាំង ២រូបគឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា នឹងត្រូវប្រកួតនាវេលាម៉ោង ១៩៖០០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ (ត្រូវនឹងម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា) នាមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre។

ដោយឡែកកីឡាអត្តពលកម្ម គឺកីឡាករ ប៉ែន សុគង់ ដែលត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រវិញ នឹងត្រូវប្រកួតនាវេលាម៉ោង ១៩៖៤៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ (ត្រូវនឹងម៉ោង ៥៖៤៥នាទីល្ងាច ម៉ោងនៅកម្ពុជា) ក្នុងពហុកីឡដ្ឋាន Olympic Stadium។

បច្ចុប្បន្នកីឡាករ-កីឡាការិនីកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ នៅទីលានប្រកួតរៀងៗខ្លួន ដើម្បីពង្រឹងសមត្ថភាព និងបន្សាំទៅនឹងទីលាន ត្រៀមការប្រកួតអូឡាំពិករដូវក្ដៅនាចុងសប្ដាហ៍នេះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជា កុំភ្លេចរង់ចាំទស្សនាការប្រកួត ក៏ដូចជាគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកអូឡាំពិកកម្ពុជា។

សូមរំឮកថា ការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ កម្ពុជាបានបញ្ជូនអត្តពលិកចូលរួម ៣រូបប៉ុណ្ណោះ ក្រោយទទួលបានសិទ្ធិអនុគ្រោះ (Wild card) ពីសហព័ន្ធអន្ដរជាតិ គឺមានកីឡាហែលទឹក ២រូប និងកីឡាអត្តពលកម្ម ១រូប ដ្បិតអត្តពលិក ២ប្រភេទកីឡាផ្សេងទៀត បានធ្លាក់ត្រឹមការប្រកួតជម្រុះ មិនបានធ្វើដំណើរទៅទីក្រុងតូក្យូនោះទេ រួមមានកីឡាតេក្វាន់ដូ (WT) និងកីឡាគុនដាវ ដែលបានចូលរួមការប្រកួតជម្រុះកាលពីពេលកន្លងទៅ៕