(ចិន)៖ បន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទ ជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ និងបានបង្ករភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមរួចមក បានធ្វើឲ្យតារាបុរស Kris Wu ស្ទើរតែបាត់បង់គ្រប់យ៉ាង ដែលធ្លាប់មានក្នុងដៃ ទាំងអាជីព និងកេរ្តិ៍ឈ្មោះ។ យ៉ាងណាមិញ នៅពេលនេះ ស្រាប់តែមានព័ត៌មានថា ទំនងជាលោកត្រូវបង្ខំចិត្តលក់វីឡាប្រណិតៗ ដើម្បីបង់សំណងមានតម្លៃប្រមាណ១០០លានដុល្លារអាមេរិក ដោយសារតែការខកខានបំពេញការងារឲ្យក្រុមហ៊ុនមួយ បន្ទាប់ពីមានរឿងអាស្រូវនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Love Kpop នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

អស់រយៈពេលជាងមួយសប្តាហ៍ នៃការកើតឡើងរឿងអាស្រូវផ្លូវភេទជាមួយក្មេងស្រីៗ តារាចម្រៀងប្រុសរូបនេះ បានបាត់បង់អ្វីៗ ទាំងអស់នៅក្នុងដៃ ចាប់តាំងពីអាជីពរបស់លោក រហូតដល់កិច្ចសន្យាផ្សាយពាណិជ្ជកម្មថ្លៃៗ ថែមទាំងនឹងប្រឈមមុខសំណង ដែលមានតម្លៃប្រមាណ១០០ លានដុល្លារអាមេរិកឯណោះ។ បើតាមប្រភពបានឲ្យដឹងថា Kris Wu មានគម្រោងថតភាពយន្ត «THE GOLDEN HAIR PIN» សម្តែងជាមួយតារាស្រីល្បីរបស់ចិន Yang Zi ហើយរឿងនេះ នឹងមិនត្រូវបានចាក់បញ្ចាំងឡើយ ដោយសារតែរឿងអាស្រូវរបស់ Kris Wu។ ប្រការនេះ នាំឲ្យមានការលើកឡើងថា ទំនងជាលោកអាចបង់ប្រាក់សំណងជាទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក សម្រាប់ការខកខានការងារសម្តែងភាពយន្តនេះ និងអាចជាប់ពន្ធនាគារផងដែរ ប្រសិនបើការចោទប្រកាន់របស់នារីម្នាក់ ដែលអះអាងថា នាងត្រូវបាន Kris Wu រំលោភពេលនាងអាយុ១៧ឆ្នាំ នោះជាការពិត និងប៉ូលីសរកឃើញភស្តុតាងគ្រប់គ្រាន់។

តែយ៉ាងណា រហូតដល់ឥឡូវនេះ មនុស្សគ្រប់គ្នាកំពុងតែមានចម្ងល់ថា តើ Kris Wu នៅកន្លែងណាដែរ តើលោកសង្ងំលាក់ពួនដល់ពេលណាហើយ? ត្បិតតែមានការលើកឡើងជាបន្តបន្ទាប់លើបណ្តាញសង្គម និងលើប្រពន្ធផ្សព្វផ្សាយនានាពីនេះពីនោះ ពាក់ព័ន្ធនឹងតារារូបនេះមែន តែរហូតមកដល់ពេលនេះ ព័ត៌មានទាំងអស់ដែលទាក់ទងនឹងតារាប្រុសរូបនេះ គឺមិនទាន់ដឹងការពិតនោះទេ ពោលគឺស្ថិតក្នុងការសន្និដ្ឋានរបស់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ព្រោះរូបលោកមិនទាន់បានបង្ហាញខ្លួន ធ្វើសេចក្តីថ្លែងការណ៍ណាមួយនោះឡើយ៕