(អាហ្វ្រិក)៖ អតីតប្រធានាធិបតីអាមេរិក លោក Barack Obama បានចូលរួមជាមួយលីគបាល់បោះ NBA Africa របស់ទ្វីបអាហ្វ្រិកក្នុងនាមជាដៃគូយុទ្ធសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទទួលខុសត្រូវអភិវឌ្ឍន៍សង្គម នៅទូទាំងទ្វីប។ នេះបើយោងតាមការបញ្ជាក់ពីសមាគមកីឡាបាល់បោះអាហ្វ្រិក (NBA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

លោក Obama នឹងគាំទ្រកម្មវិធី និងភាពជាដៃគូដែលផ្តល់នូវសមភាពយេនឌ័រកាន់តែធំជាងមុន និងការដាក់បញ្ចូលសេដ្ឋកិច្ច។

លោក Obama នឹងមានភាគហ៊ុនតូចមួយនៅក្នុងការបណ្តាក់ទុនថ្មីនេះ ដែលយូរៗទៅ លោកមានបំណងប្រើប្រាស់ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីយុវជន និងកម្មវិធីភាពជាអ្នកដឹកនាំ នៅទូទាំងទ្វីបអាហ្វ្រិក នេះបើតាមការបញ្ជាក់បន្ថែមពីលីគបាល់បោះខាងលើ។

លោក Obama បានលើកឡើងថា «NBA តែងតែជាឯកអគ្គរដ្ឋទូតដ៏ឆ្នើម សម្រាប់សហរដ្ឋអាមេរិក ដោយប្រើប្រាស់ការប្រកួតកីឡានេះ ដើម្បីបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក ហើយនៅទ្វីបអាហ្រ្វិក បាល់បោះមានអំណាចជម្រុញឱកាស សុខុមាលភាព សមភាព និងការបង្កើនភាពអង់អាចនៅទូទាំងទ្វីប»។

NBA Africa បានធ្វើអាជីវកម្មលីគនៅទូទាំងទ្វីបអាហ្រ្វិក ពង្រីកការយល់ដឹងអំពីទីផ្សារ និងការចូលរួមជាមួយអ្នកគាំទ្រនៅទូទាំងទ្វីប ស្របពេលដែលការប្រកួតមានការកើនឡើង ក្នុងនោះរួមទាំងគំនិតផ្តួចផ្តើមទំនួលខុសត្រូវក្នុងសង្គមផងដែរ។

គួរបញ្ជាក់ថា NBA មានប្រវត្តិជាច្រើនទសវត្សរ៍មកហើយនៅទ្វីបអាហ្វ្រិក ហើយបានបើកទីស្នាក់ការកណ្តាលមួយនៅទីក្រុង Johannesburg របស់ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ២០១០៕