(តួក្យូ)៖ ក្រុមបាល់ទាត់យុវជននៃជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ U23 បានហាលអាវត្រឹមវគ្គចែកពូលនៅ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ក្នុងនាមជាក្រុមការពារមេដាយប្រាក់កាលពី Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល។

ផ្នែកកីឡាបាល់ទាត់នៅ Tokyo Games 2020 លើកទី៣២ នេះ U23 អាល្លឺម៉ង់លេងឈ្នះតែ ១ប្រកួតគត់ក្នុងចំណោម ៣ប្រកួតក្នុងពូល D របស់ពួកគេ ដែលបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ នៅថ្ងៃប្រកួតចុងក្រោយដែលត្រូវឈ្នះដាច់ខាត តែធ្វើមិនបានសម្រេចដោយបានត្រឹមស្មើ ១-១ ទល់នឹងកូឌីវ័រដែលជាជើងខ្លាំងមកពីតំបន់អាហ្រ្វិក។

អាល្លឺម៉ង់ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ប្រចាំពូល D ក្នុងចំណោមវគ្គ ១៦ក្រុមលេងនៅអូឡាំពិកលើកនេះ ដ្បិតពួកគេបានចាញ់ U23 ប្រេស៊ីល ៤-២ ដែលជាអតីតម្ចាស់មេដាយមាសកាលពី Rio Olympics 2016 នោះ និងលេងឈ្នះ U23 អារ៉ាប៊ីសាអូឌីត ៣-២ ទាំងត្រដាបត្រដួស មុនមកស្មើជាមួយកូឌីវ័រ ១-១ នាល្ងាចថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

ក្រុម U23 កូឌីវ័រ និងក្រុមការពារមេដាយមាសប្រេស៊ីល បានដឹកនាំដៃគ្នាឡើងទៅវគ្គ ៨ក្រុមចុងក្រោយ គ្រាដែលម្ចាស់ផ្ទះជប៉ុន ក៏បានឈ្នះកៅអីមុនគេផងដែរ ក្រោយឈ្នះ ២ប្រកួតជាប់ៗគ្នាពីក្នុងពូល A ដែលនឹងត្រូវប្រកួតបង្រ្គប់កិច្ចទល់នឹង U23 បារាំងនាល្ងាចនេះដែរ៕