(អាមេរិក)៖ ត្បិតថាឈានចូលវ័យ៦២ឆ្នាំហើយក្តី ប៉ុន្តែទស្សនិកជនសង្កេតឃើញថា កំពូលតារាចម្រៀងប៉ុបរបស់អាមេរិក Madonna តែងតែតុបតែងខ្លួន លេងស្ទីលដូចយុវវ័យ មិនខ្វល់នឹងអាយុឡើយ។ យ៉ាងណាមិញថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹកត្រូវបានបង្ហោះលើបណ្តាញសង្គម បង្ហាញថាក្នុងពិធីជួបជុំក្នុងគ្រួសារ Madonna ស្លៀកខោខូវប៊យខ្លី បញ្ចេញគល់ភ្លៅស្រឡូន និងអាវយឺតផ្កាឈូកខ្ចី ដូចនារីវ័យ២០ឆ្នាំ។

តារាស្រីវ័យ ៦០ប្លាយ បច្ចុប្បន្នមានកូន៦នាក់ Madonna បានចំណាយពេលយ៉ាងរ៉ូមែនទិក ជាមួយមិត្តប្រុសស្រស់សង្ហា វ័យ២៧ ឆ្នាំ ដែលធ្វើឲ្យស្រីៗមួយចំនួនបានឃើញហើយ មានចិត្តលួចច្រណែន ទោះបីវ័យកាន់តែចាស់ជ្រេ តែរូបនាងនៅតែមានប្រុសក្មេងថ្នាក់ថ្នមយ៉ាងមានសុភមង្គល។ ជាពិសេស ទោះស្ថិតក្នុងស្ថានការណ៍កូវីដ-១៩ក្តី នាងនិងគ្រួសារ នៅតែមានភាពសប្បាយរីករាយក្នុងគ្រួសារ តាមរយៈការជុំគ្នា អាំងសាច់ កំសាន្តអារម្មណ៍យ៉ាងមានសុភមង្គល។

ការលេងស្ទីលជាមួយខោខូវប៊យខ្លីរឹប បញ្ចេញជើងវែងស្រលូន ស័ក្តិសមខ្លាំង ទៅនឹងរាងចង្កេះមួយក្តាប់ កាន់តែពិសេសនោះ សាច់មុខសម៉ត់ខៃ គ្មានយារធ្លាក់ ស្នាមបន្តិចក៏គ្មានដែរ ខណៈមហាជនមិនតិចនោះទេ លើបណ្តាញសង្គម កំពុងតែចាប់អារម្មណ៍នឹងវិធីសាស្ត្រថែសម្រស់របស់តារារូបនេះ៕