(ភ្នំពេញ)៖ កាលពីថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនកម្ពុជាដែលស្រលាញ់ K-POP។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងដឹកនាំកម្មវិធីពី k’ve Entertainment។

ដើម្បីគោរពតាមវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា កម្មវិធីនេះ ត្រូវបានដំណើរការតាមប្រព័ន្ធអនឡាញ។

ក្នុងសន្ទរកថាអបអរសាទររបស់លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានថ្លែងលើកទឹកចិត្តថា «ខ្ញុំសូមអរគុណដល់គណៈកម្មការវាយតម្លៃ ការប្រកួតកម្មវិធី K-POP K’ve Entertainment និងយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ខ្ពស់ និងផ្តោតការយកចិត្តទុកដាក់ ចំពោះកម្មវិធី K-POP ហើយបានត្រៀមខ្លួន យ៉ាងស្វាហាប់ បើទោះបីជាមានស្ថានភាពលំបាក ដោយសារជំងឺកូវីដ-១៩ក៏ដោយ»។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងទៀតថា «កម្មវិធី K-POPនេះ ក៏ជាបណ្តាញដ៏រឹងមាំក្នុងការ ផ្សារភ្ជាប់ទំនាក់ទំនងរវាង យុវជនកូរ៉េ និងយុវជនកម្ពុជា ដែលមានការយល់ដឹង និងចេះរីករាយជាមួយនឹងសម្រស់ សិល្បៈ»

កម្មវិធី K-POP លើកនេះ មានចំនួន ៤៥ក្រុម បានដាក់ពាក្យចូលរួមការប្រកួតប្រជែង ហើយក្រុមជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ត្រូវបានជ្រើសរើសតាមរយៈការវិនិច្ឆ័យដោយយុត្តិធម៌។ នៅក្នុងកម្មវិធីនេះ ត្រូវបានផ្តល់ជូនសម្រាប់ចំណាត់ ថ្នាក់លេខ១ នូវទឹកប្រាក់ចំនួន ១,០០០ដុល្លារ លេខ២ ចំនួន ៥០០ដុល្លារ និងលេខ៣ ចំនួន ៣០០ដុល្លារ។ លើសពីនេះទៀត រង្វាន់ដូចជា អាល់ប៊ុម K-POP ឈុតម៉ាសបិតមុខ និងសាប៊ូកក់សក់ ត្រូវបានផ្តល់ជូនអ្នកចូលរួមផងដែរ។

នៅក្នុងការប្រកួត K-POP ឆ្នាំនេះ ក្រុមដែលទទួលបានជ័យលាភីកិត្តិយស ក្រុមរាំចម្រុះ ដែលមានសមាជិក ១១នាក់ គឺក្រុមរាំ Dinest។ ក្រុមរាំ Dinest បានបង្ហាញពីក្តីស្រលាញ់ របស់ពួកគេចំពោះ K-POP ដោយនិយាយថា «ចាប់តាំងពីខ្ញុំស្គាល់ក្រុម K-POP និងក្រុម idol កូរ៉េ ចំណង់ចំណូលចិត្តរៀនរាំរបស់ខ្ញុំកើតមានឡើង ហើយមានអារម្មណ៍ថា ជីវិតប្រចាំថ្ងៃ ធម្មតារបស់ខ្ញុំ បានផ្លាស់ប្តូរ»

ក្រុមរាំជ័យលាភីនោះក៏បានថ្លែងនូវអារម្មណ៍ជ័យជំនះដែរថា «យើងបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីឳ្យគណៈកម្មការវិនិច្ឆ័យ និងទស្សនិកជនបញ្ជាក់ពីសម្ថភាពរបស់យើង ហើយយើងខ្ញុំសូមថ្លែងអំណរគុណជាអនេក និងរីករាយណាស់ ដែលទទូលបានលទ្ធផលល្អ»

ក្រុមដែលឈ្នះនឹងត្រូវឆ្លងកាត់ការវិនិច្ឆ័យចុងក្រោយដោយអ្នកជំនាញក្នុងប្រទេសកូរ៉េ ពួកគេនឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតជាអន្តរជាតិក្នុង ព្រឹត្តិការណ៍ K-POP World Festival ដែលនឹងប្រារព្ធឡើងតាមអនឡាញនៅឯទីក្រុង ឆាំងវ៉ុនប្រទេសកូរ៉េក្នុងខែតុលា ឆ្នាំនេះ។

វីដេអូទាក់ទងនឹងព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចូលទៅក្នុងគណនីហ្វេសប៊ុករបស់ស្ថាតទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងគណនីហ្វេសប៊ុករបស់ K’ve Entertainment ដូច្នេះសូមមានចំណាប់អារម្មណ៍ឳ្យបានច្រើន។ ស្ថានទូតកូរ៉េសង្ឃឹមថា លោកអ្នកក៏នឹងគាំទ្រ ហើយផ្តោតចំណាប់អារម្មណ៍ខ្ពស់ចំពោះកម្មវិធី K-POP World Festival នៅឆ្នាំក្រោយផងដែរ៕