(ជប៉ុន)៖ ម្ចាស់ការពារពានរង្វាន់ កីឡាការិនី Simone Biles របស់អាមេរិក បានដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ កីឡាកាយសម្ពន្ធឯកត្ដជន នៅឯព្រឹត្តិការណ៍ Tokyo Olympics ដោយសារតែមានការព្រួយបារម្ភ អំពីសុខភាពផ្លូវចិត្តរបស់នាង, នេះបើតាមការបញ្ជាក់ពី សហព័ន្ធកីឡាកាយសម្ពន្ធអាមេរិក (USA Gymnastics) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

«បន្ទាប់ពីមានការវាយតម្លៃ ផ្នែកវេជ្ជសាស្ត្របន្ថែមទៀត, កីឡាការិនី Simone Biles បានដកខ្លួនចេញពីការប្រកួត វគ្គផ្តាច់ព្រ័ត្រកាយសម្ពន្ធឯកត្ដជន នៅឯព្រឹត្តិការណ៍ Tokyo Olympic Games ដើម្បីផ្តោតការយកចិត្តទុកដាក់ លើសុខភាពផ្លូវចិត្តរបស់នាង», USA Gymnastics បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សហព័ន្ធកីឡាកាយសម្ពន្ធអាមេរិក បានឲ្យដឹងថា ការសម្រេចចិត្តមួយ ថាតើកីឡាការិនី Biles នឹងចូលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រឯកត្តជន នៅសប្តាហ៍ក្រោយឬអត់នោះ នឹងត្រូវធ្វើឡើង បន្ទាប់ពីមានការវាយតម្លៃសុខភាពប្រចាំថ្ងៃ។

កីឡាការិនីកាយសម្ពន្ធ Jade Carey នឹងជំនួសកីឡាការិនី Biles នៅវគ្គផ្តាច់ព្រ័ត្រ៕