(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់អាជីពទាំងអស់នៅទ្វីបអឺរ៉ុប European Football បានរាយការណ៍ពីការខាតបង់ទឹកប្រាក់អស់ប្រមាណ ៣.៤ពាន់លានដុល្លារមិនធ្លាប់ជាង ១សតវត្សរ៍មកនេះ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យមិនមានអ្នកទស្សនាផ្ទាល់ក្នុងទីលាន។

យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយស្ថាប័នហិរញ្ញវត្ថុ Deloitte ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះថា គ្រាន់តែមិនអាចលក់សំបុត្រចូលទស្សនាបាន បណ្តាក្លិបនៅអឺរ៉ុបទាំងអស់ខាតបង់ទឹកប្រមាណ ៣.៤ពាន់លានដុល្លារក្នុងរដូវកាលឆ្នាំ២០១៩-២០២០។

តួលេខខាតបង់នេះ បន្តកើនឡើងរហូតដល់ ២២.១ពាន់លានដុល្លារទៀត នៅពេលដែលគ្រប់ក្លិបទាំងអស់ប្រកួតបិទទ្វារ ១០០% គិតចាប់តាំងពីខែមិនា ឆ្នាំ២០២០ មក។

នេះក៏ជាលើកទី១ ផងដែរដែលបណ្តាលីគនៅអឺរ៉ុបទាំងអស់ខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកកាលឆ្នាំ២០០៨-២០០៩ មក។

តែយ៉ាងណា ស្ថាប័នស្រាវជ្រាវខាងលើក៏បានធ្វើការព្យាករណ៍ ថាស្ថានភាពសេដកិច្ចក្លិបនៅអឺរ៉ុបអាចនឹងល្អឡើងវិញ ក៏ព្រោះតែរដូវកាលឆ្នាំ២០២១-២០២២ ខាងមុខនឹងមានអ្នកចូលទស្សនាបានខ្លះជាបណ្តើរៗហើយ ក្រោយ UEFA ធ្វើការសាកល្បងកាលពីប្រកួតជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2020 ដែលទើបបញ្ចប់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដោយមានអ៉ីតាលីជាជើងឯក៕