(តូក្យូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំប្រេស៊ីល ដែលជាម្ចាស់មេដាយមាសកាលពី Rio Olympics 2016 ក្នុងទឹកដីរបស់ខ្លួននោះ បានបន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយប្រភេទកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសនៅ Tokyo Olympic Games 2020 លើកទី៣២ នេះ។

សាំបាប្រេស៊ីល បានបញ្ចប់ក្នុងតំណែងកំពូលតារាងប្រចាំពូល D ក្នុងចំណោម ១៦ក្រុម ដោយរកបាន ៧ពិន្ទុ ក្រៅពីឈ្នះ២ និងស្មើ១ដង នៅពេលប្រកួតចុងក្រោយបានបំបាក់ U23 អារ៉ាប៊ីសាអូឌីត ៣-១ នៅពេលអាល្លឺម៉ង់បានត្រឹមស្មើ ១-១ ទល់នឹងកូឌីវ័រ នៅថ្ងៃពុធ ទី២៨ ខែកក្កដាជាមួយគ្នា។

ក្រុមមកពីតំបន់អាមេរិកឡាទីន ដែលមានកីឡាសំខាន់ Recharlison និង Dani Alves ផងនោះ នឹងត្រូវប៉ះគូប្រជែង U23 អេហ្ស៊ីបដែលពុំមានវត្តមានខ្សែប្រយុទ្ធ Mohamed Salah ឡើយក្នុងវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ជាបន្តទៀតដែលជាក្រុមលេខ២ ចេញពីពូល C ដ្បិតក្រុម U23 របស់ម្ចាស់ផ្ទះជប៉ុន ដែលឈ្នះទាំង ៣ប្រកួតចេញពីពូល A នោះត្រូវជួប U23 ណូវែលហ្សេឡង់ ដែលជាក្រុមលេខ២ ចេញពីពូល B បន្ទាប់ពីកូរ៉េខាងត្បូង។

សម្រាប់ឯ ២ប្រកួតទៀតរួមមានក្រុម U23 អេស្ប៉ាញ ប៉ះកូឌីវ័រ ដែលបានទម្លាក់អតីតម្ចាស់មេដាយប្រាក់កាលពី Rio Olympic Games 2016 អាល្លឺម៉ង់ពីក្នុងពូល D គ្រាដែលមិចស៊ិកដែលស្ថិតក្នុងពូល A ជាមួយបារាំង និងជប៉ុនោះ ត្រូវប៉ះក្រុមលេខ១ ចេញពីពូល B កូរ៉េខាងត្បូងដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដាទាំងអស់តែម្តង៕