(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក បានដាក់ចេញនូវគោលការណ៍ថ្មីរួចគ្នា ដោយតម្រូវឱ្យតែបុគ្គលិកដែលទទួលបាន ការចាក់វ៉ាក់សាំងកូវីដ១៩ប៉ុណ្ណោះ ទើបអនុញ្ញាតឱ្យចូលធ្វើការ មូលហេតុដែលពួកគេសម្រេចចិត្តធ្វើបែបនេះដោយសារតែមេរោគកូវីដ១៩ថ្មី Delta បាននិងកំពុងតែផ្ទុះរីករាលដាលយ៉ាងខ្លាំងនៅអាមេរិក។

យោងតាមការចេញផ្សាយារបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google និង Facebook បានប្រកាសព្រមគ្នាកាលពីថ្ងៃពុធម្សិលមិញនេះថា រាល់បុគ្គលិកដែលបម្រើការងារនៅសហរដ្ឋអាមេរិកទាំងអស់ តម្រូវឱ្យ មាន ការចាក់វ៉ាក់សាំងរួចទើបអនុញ្ញាតឱ្យចូលក្នុងការិយាល័យ ឬកន្លែងធ្វើការ។

ក្រុមហ៊ុន Google បានបញ្ជាក់បន្ថែមទៀតថា បើសិនជាមេរោគថ្មីនៃជំងឺកូវីដ១៩ ដែលមានឈ្មោះថា Delta នៅតែបន្តរីករាលដាលខ្លាំង ខ្លួនអាចនឹងពង្រីកបន្ថែមទៀតទៅលើលក្ខខណ្ឌខាងលើសម្រាប់បុគ្គលិកនៅតាមតំបន់ផ្សេងៗដែល Delta កំពុងតែផ្ទុះ។

ចំណែកក្រុមហ៊ុន Netflix ក៏បានចេញគោលការណ៍ថ្មីនេះដូចគ្នា ដោយតម្រូវឱ្យតួសម្ដែង និង បុគ្គលិកទាំងអស់ដែលចេញ-ចូលនៅក្នុង កន្លែង ធ្វើការ ត្រូវតែមានកាតចាក់វ៉ាក់សាំង ឬលិខិតសម្គាល់ថាខ្លួនបានចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតឱ្យចូលក្នុងកន្លែងធ្វើការ ខណ:ដែល ក្រុមហ៊ុន Apple បានតម្រូវឱ្យបុគ្គលិក និងអតិថិជនទាំងអស់ត្រូវពាក់ម៉ាស់ជាដាច់ខាងនៅគ្រប់ Store ទាំងអស់នៅអាមេរិក បើទោះបី ជា ពួកគេទទួលបានការចាក់វ៉ាក់សាំងហើយក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះទើបតែបានប្រកាសឱ្យបុគ្គលិករបស់ខ្លួនដែលបម្រើការងារនៅផ្ទះ អាចចូលមកធ្វើការ នៅក្នុងការិយាល័យវិញបានចន្លោះពីខែកញ្ញា និងតុលា ប៉ុន្តែបើសិនជា Delta រីករាលដាល់ខ្លាំងយ៉ាងនេះ ប្រហែលជាត្រូវលើកពេល៕