(ភ្នំពេញ)៖ ធនាគារ ប្រៃសណីយ៍កម្ពុជា (“CPBank”) និង សាជីវកម្មធានាឥណទានកម្ពុជា (“CGCC”) នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាដៃគូ នៃគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ក្នុងគោលបំណង ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់ជាឥណទាន ជូនសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាម្ចាស់អាជីវកម្ម ក្នុងការទទួលបាននូវហិរញ្ញប្បទានសម្រាប់វិនិយោគ ទុនបង្វិល និងការពង្រីកអាជីវកម្មជាដើម។

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (“BRGS”) គឺជាគម្រោងមួយ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសាជីវកម្មធានាឥណទាន កម្ពុជា ដែលមានធនាគារ ប្រៃសណីយ៍កម្ពុជាជាដៃគូ ក្នុងការចូលរួមចំណែកបង្កើនទំហំឥណទានថ្មី រហូតដល់ ២០០លានដុល្លារអាមេរិក មិនត្រឹមតែប៉ុណ្ណោះ សាជីវកម្មធានាឥណទានកម្ពុជា ដើរតួជាវត្ថុបញ្ចាំ /ការធានាចាប់ពី ៧០% - ៨០% នៃចំនួនប្រាក់កម្ចីដែលបាន ស្នើសុំពីគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ ដែលជាផ្នែកមួយ ក្នុងការកាត់បន្ថយ តម្រូវការទ្រព្យបញ្ចាំពីភាគីស្នើកម្ចី។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានថ្លែងថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមោទនភាពណាស់ ដែលបានក្លាយជាធនាគារដៃគូ លើគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ជាមួយសាជីវកម្មធានាឥណទានកម្ពុជា»

លោកថា គម្រោងធានាឥណទានមួយនេះ គឺជាគោលបំណងដ៏ធំរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាផ្នែកមួយក្នុងការជួយជ្រោមជ្រែង ដល់សហគ្រិនទាំងអស់នៅក្នុងប្រទេស ដែលកំពុងតែត្រូវការហិរញ្ញប្បទានក្នុងការប្រើប្រាស់ក្នុងសហគ្រាស និងអាជីវកម្មរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងធានាឥណទាននេះ នឹងក្លាយជាផ្នែកមួយក្នុងការជួយស្តារគ្រប់ស្ថានភាពអាជីវកម្ម ដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីធនាគារ ប្រៃសណីយ៍កម្ពុជា សម្រាប់ការកៀរគរទុនបង្វិល វិនិយោគ និងការពង្រីកអាជីវកម្ម។

លោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា «សាជីវកម្មធានាឥណទានកម្ពុជា មានសេចក្តីសោមនស្សណាស់ ដែលមានធនាគារ ប្រៃសណីយ៍កម្ពុជា ជាស្ថាប័នហិរញ្ញវត្ថុចូលរួមមួយ ក្នុងការផ្តល់កម្ចី ដែលមានការធានា ដល់អាជីវកម្មនានា ដោយសាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំ សម្រាប់កម្ចីទាំងនោះ»

លោកថា រហូតមកដល់ថ្ងៃនេះ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទាន ដល់កម្ចីចំនួន៤៥ហើយ ដែលមានទំហំទឹកប្រាក់ចំនួន ៦.៦លានដុល្លារហើយ ៨៧% គឺជាកម្ចីដែលខ្វះទ្រព្យបញ្ចាំ។

តាមរយៈគម្រោងមួយនេះ គ្រប់អតិថិជន និងសាធារណជនទាំងអស់ អាចអញ្ជើញដាក់ពាក្យស្នើសុំឥណទានពីធនាគារ ប្រៃសណីយ៍កម្ពុជា ក្រោមគម្រោង របស់សាជីវកម្ម ធានាឥណទានកម្ពុជានៅតាមបណ្តាសាខាទាំង ៦០ទូទាំងប្រទេស ទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០២៣ ២៦០ ៨៨៨ ស្នើសុំឥណទាន តាមប្រពន្ន័អ៊ីនធឺណិត ឬតាម QR ស្កេន ដែលមានក្នុងគេហទំព័រ និងទំព័រហ្វេសប៊ុករបស់ធនាគារប្រៃសណីយ៍កម្ពុជា៕