(អាមេរិក)៖ ក្រុមហ៊ុនបឺហ្គឺអាមេរិក McDonald (ម៉េកដូណល) បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ប្រចាំត្រីមាសទី២ ឆ្នាំ២០២១នេះ ដោយប្រាក់ចំណូលទទួលបានជុំវិញពិភពលោក មានការកើនខ្ពស់រហូតដល់ទៅ៥៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានតម្លៃជាទឹកប្រាក់ជិត៥.៩ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

បើតាមរបាយការណ៍ពី MaDonald បានបង្ហាញថា ការលក់នៅតាមហាងនានាជុំវិញពិភពលោក គឺបានកើនឡើងប្រាក់ចំណូល៤០.៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ក្នុងនោះ ការលក់នៅតាមហាងក្នុងសហរដ្ឋអាមេរិកតែមួយ គឺការលក់បានកើនឡើង២៥.៩ភាគរយផងដែរ។ ប្រការនេះនាំឲ្យប្រាក់ចំណូលសរុបនៅជុំវិញពិភពលោក ដែលក្រុមហ៊ុន McDonald ទទួលបាន គឺកើនខ្ពស់រហូតដល់ទៅ៥៧ភាគរយ មានតម្លៃជាទឹកប្រាក់ជិត ៥.៩ពាន់លានដុល្លារអាមេរិក។

ការកើនឡើងប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់នៅពេលនេះ គឺបន្ទាប់ពី ក្រុមហ៊ុន McDonald បានចាប់ដៃជាមួយក្រុមចម្រៀងល្បីរបស់កូរ៉េ BTS ដើម្បីពង្រីកម៉ាកសញ្ញាផលិតផលចំណីអាហាររបស់ខ្លួន ដោយឲ្យឈ្មោះថា «BTS Meal» ខណៈអាហារប្រភេទនេះ គឺបានដាក់លក់នៅតាមសាខា McDonald ប្រមាណ៥០ប្រទេសនៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុន McDonald’s ក៏ធ្លាប់សហការជាមួយតារាលំដាប់ពិភពលោកផ្សេងទៀតដែរដូចជា អតីតតារាបាល់បោះ Michael Jordan និងតារារ៉េប Travis Scott ប៉ុន្តែយុទ្ធនាការផ្សព្វផ្សាយទាំងនោះត្រូវបានធ្វើតែនៅអាមេរិកប៉ុណ្ណោះ៕