(អាមេរិក)៖ ក្រុមហ៊ុន Twitter បានប្រកាសឲ្យដឹងថា ខ្លួនកំពុងសាកល្បងនូវមុខងារ Shopping នៅលើបណ្ដាញសង្គម Twitter ខណៈដែលមុខងារមួយត្រូវបាន Facebook ដាក់ឲ្យប្រើជាផ្លូវការកាលពីឆ្នាំមុន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មុខងារ Shops របស់ Twitter នេះគឺមានលក្ខណៈពិសេស និងខុសប្លែកពីរបស់ Facebook ឬបណ្ដាញសង្គមផ្សេងៗ ដោយក្នុងនោះ Twitter អនុញ្ញាតឱ្យហាងតូចៗ ឬម៉ាកផលិតផលល្បីៗមួយចំនួនអាចដាក់លក់ផលិតផលនៅលើ Profile Page របស់ពួកគេ។

ចំពោះការទិញលក់ផលិតផលវិញគឺមិនបានធ្វើនៅលើបណ្ដាញសង្គម Twitter ផ្ទាល់នោះទេ ព្រោះ Twitter គ្រាន់តែជួយបង្ហាញផលិតផលប៉ុណ្ណោះ ខណៈដែលការទិញលក់ជាក់ស្តែងគឺធ្វើឡើងនៅលើវេបសាយលក់រាយទំនិញដោយផ្ទាល់។ មានន័យថា នៅពេលអតិថិជនចុចលើផលិតផល នោះវានឹងបើកវេបសាយហាងលក់រាយ ដែលមានតាំងផលិតផលទាំងនោះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ Twitter ធ្លាក់បានសាកល្បងទៅលើមុខងារ Buy Now ម្ដងរួចទៅហើយ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ដាក់ឲ្យប្រើជាផ្លូវការនោះទេ៕