(ភ្នំពេញ)៖ ថ្នាក់ដឹកនាំបុរី GB Residence ដែលបោះទុនវិនិយោគ លើទឹកប្រាក់៦២លានដុល្លារអាមេរិក បានសម្រេចផ្តល់សិទ្ធិលក់ផ្តាច់មុខ ដល់ក្រុមហ៊ុន CMC Real Estate ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក តាំង កៅគៀត តំណាងបុរី GB Residence បានឲ្យដឹង ក្នុងពិធីចុះហត្ថលេខាជាមួយ អ្នកនាង គ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate នាព្រឹកថ្ងៃទី២៩ កក្កដានេះថា នេះមិនមែនជាគំរោងទី១ របស់ក្រុមហ៊ុននោះទេ ប៉ុន្តែយើងបានទទួលជោគជ័យរួចហើយ លើការវិនិយោគបុរីទី១ គឺបុរី ៥Stars ហេតុនេះ ទើបយើងបន្តអភិវឌ្ឍន៍បុរីទី២បន្តទៀត ដោយដាក់ឈ្មោះ GB Residence ដែលជាគំរោងផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកបន្តថា «ជាមួយនឹងការជ្រើសរើសទីតាំងល្អ និងការផ្តោតលើគុណភាពសំណង់ ជាមួយនឹងផ្សារទំនើប យើងជឿជាក់ថាគំរោងនេះ នឹងទទួលបានជោគជ័យ»

លោកបន្ថែមថា «ការជ្រើសរើសក្រុមហ៊ុន CMC Real Estate ជាដៃគូសហការលក់ផ្តាច់មុខ ដោយសារក្រុមហ៊ុននេះ មានជំនាញបទពិសោធន៍ មានបណ្តាញភ្នាក់ងារច្រើន ដែលនឹងធ្វើឲ្យការលក់គម្រោងនេះ ទទួលបានជោគជ័យ»

បុរី GB Residence ត្រូវបានរចនាប្លង់ និងម៉ូតផ្ទះ ដោយស្ថាបត្យករជំនាញ ដែលធ្លាប់ទទួលបាន ពានរង្វាន់អន្តរជាតិជាច្រើន ពិសេសពានរង្វាន់ពីទីក្រុងឌូបៃ។

ជាមួយគ្នានេះ អ្នកនាង គ្រុយ ស្រីខួច បានសម្តែងក្តីរីករាយ ដែលបានទទួលនូវសិទ្ធិផ្តាច់មុខ ក្នុងការលក់គំរោងនេះ ហើយអ្វីកាន់តែពិសេស អ្នកនាងបានឲ្យដឹងថា ក្រុមហ៊ុនរបស់យើងមានដៃគូសហការលក់ច្រើន មានបុគ្គលិកលក់ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដែលនឹងធ្វើឲ្យការលក់គំរោងនេះ ទទួលបានជោគជ័យលឿន។

អ្នកនាងបន្តថា «តាមរយៈបទពិសោធន៍ ជំនាញ និងចំណេះដឹង ពិសេសបណ្តាញរបស់យើង ខ្ញុំរំពឹងថា យើងនឹងលក់គំរោងនេះ បានជោគជ័យមុនផែនការ»

អ្នកនាងបន្តទៀតថា «ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារដែលលក់បានជោគជ័យលើគំរោងនេះ នឹងទទួលបាននូវរថយន្តម៉ាកសឺដេស GLC ៣០០ ឆ្នាំ២០២១ រង្វាន់ខ្សែកមាស ម៉ូតូ និងរង្វាន់ជាច្រើនទៀត»

ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានថ្លែងថា អ្នកអភិវឌ្ឍន៍គម្រោងនេះ បានជ្រើសរើសទីតាំងល្អ និងមានភាពត្រឹមត្រូវ ដោយសារបុរីនេះ ស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងកាត់ចូលរាជធានីភ្នំពេញ នាពេលអនាគត។

លោកបន្តថា អ្នកវិនិយោគបុរីនេះ នឹងទទួលបានផលចំណេញ ដោយអាចប្រកបអាជីវកម្មបាន ដោយសារអ្នកដំណើរជាតិ អន្តរជាតិចេញពីព្រលានយន្តហោះភ្នំពេញថ្មី នឹងអាចស្វែងរកសេវាកម្មសំរាកលំហែរនៅតំបន់នេះ ហេតុនេះ ម្ចាស់លំនៅដ្ឋាននៅក្នុងគំរោងនេះ នឹងទទួលបាននូវឱកាសធ្វើពាណិជ្ជកម្មរបស់ខ្លួនផងដែរ។

លោកបន្តទៀតថា «តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងមានការរីកចម្រើនលឿន នាពេលឆាប់ៗខាងមុខនេះ ដោយបច្ចុប្បន្នមានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើន បានចាប់ផ្តើមសាងសង់នៅតំបន់នេះ»

លោក សំ សុខនឿន បានបន្ថែមថា ការរីកចម្រើនតំបន់នេះ នឹងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពអាជីវកម្ម ការធ្វើពាណិជ្ជកម្ម ដែលនឹងទទួលផលពី ព្រលានយន្តហោះថ្មី ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ៕