(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ អេស៊ីលីដា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំការប្រឡងបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញបត្រ និងបរិញ្ញាបត្ររង ជំនាន់ទី១ លើកទី២ តាមប្រព័ន្ធអនឡាញ។

ការរៀបចំការប្រឡងបញ្ចប់ការសិក្សានេះ ក៏មានការចូលរួមពីសំណាក់អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងលោក ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ អេស៊ីលីដាផងដែរ។

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេសុីលីដា បានថ្លែងថា ថ្ងៃនេះវិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ អេស៊ីលីដា បានប្រឡងថ្នាក់បរិញ្ញាបត្រជំនាន់ទី១ លើកទី២ និងបរិញ្ញាបត្ររងជំនាន់ទី១ លើកទី២ ក្នុងនោះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា ផងដែរ។

លោកបញ្ជាក់ថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ប៉ុន្ដែវិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ អេស៊ីលីដា នៅតែរៀបចំការប្រឡងដ៏ត្រឹមត្រូវ និងតាមបច្ចេកវិទ្យាឌីជីថល ថ្ងៃនេះជាការប្រឡងបញ្ចប់ការសិក្សា ដែលកន្លងមកបានសិក្សាតាមប្រព័ន្ធអនឡាញ។

លោកបន្ថែមថា ការប្រឡងតាមអនឡាញ ក្នុងថ្ងៃនេះមិនខុសពីការប្រឡងក្នុងថ្នាក់រៀនឡើយ ដោយសារតែលោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស បានសិក្សាយ៉ាងពេញលេញ តាមប្រព័ន្ធអនឡាញ៕