(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គមដ៏ល្បី និងធំជាងគេនាពេលបច្ចុប្បន្ន Facebook បានប្រកាសបង្ហាញពីតួលេខនៃប្រាក់ចំណូល និងចំណេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយប្រាក់ចំណូលកើនឡើងខ្ពស់ជាងការរំពឹង ប៉ុន្តែចំនួនអ្នកប្រើប្រាស់មានកំណើនយឺត។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងត្រីមាសទី២ ឆ្នាំនេះ Facebook ទទួលបានប្រាក់ចំណូល ២៩.០៨ពាន់លានដុល្លារ ដោយលើសពីការរំពឹងទុករបស់អ្នកវិភាគថា ទទួលបានត្រឹមតែ ២៧.៨៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺកើនឡើង ៥៦ភាគរយបើធៀបនឹងឆ្នាំមុន ខណ:ដែលបើធៀបនឹងត្រី មាសមុនកើនឡើង ៤៨ភាគរយ។

ក្រុមហ៊ុន Facebook បានបញ្ជាក់ឱ្យដឹងថា នៅក្នុងត្រីមាសទី២នេះ ប្រាក់ចំណូលដែលទទួលបានគឺមាន ចំនួនច្រើន និងមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែចំនួនអ្នកប្រើប្រាស់វិញគឺកើនឡើងយឺតបំផុត ដោយមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ២.៩០លាននាក់។

នៅក្នុងរបាយការណ៍បឋមរបស់ Facebook មិនបានបញ្ជាក់ថា នៅត្រីមាសទី២ឆ្នាំនេះ ទទួលបានប្រាក់ចំណេញប៉ុន្មាននោះទេ គ្រាន់តែ បានលើកឡើងថា ការលក់ឧបករណ៍ VR ដែលមានឈ្មោះ Oculus ទទួលបានប្រាក់ ៤៩៧លានដុល្លារអាមេរិក និងបានកើនឡើង ៣៦ភាគរយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook ទើបតែប្រកាសកាលពីថ្មីៗនេះថា ខ្លួននឹងអនុញ្ញាតឱ្យតែបុគ្គលិកដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ប៉ុណ្ណោះ អាចចូលធ្វើការនៅក្នុងការិយាល័យបាន សម្រាប់បុគ្គលិក ដែលបម្រើការងារនៅសហរដ្ឋអាមេរិក ខណ:ដែលមេរោគកូវីដបំប្លែងខ្លួនថ្មីកំពុងតែរីករាលដាលយ៉ាងខ្លាំង៕