(ឡុងដ៏)៖ យុវជន ៣នាក់ស្ថិតក្នុងក្រុមកម្រិត U18 របស់កិ្លប Portsmouth ត្រូវបានបណ្តេញចេញពីក្លិប ក្រោយរកឃើញសាររើសអើងជាតិសាសន៍ទៅលើកីឡាករជម្រើសជាតិអង់គ្លេសកន្លងមករួមមាន កីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka ដែលពួកគេទាំងនេះ ធ្វើមិនល្អនៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដែលអង់គ្លេសបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវអ៉ីតាលី។

ប្រភពមួយខាងលើបានអះអាងថា យុវជនទាំង ៣នាក់ខាងលើបានផ្ញើសារទៅវិញទៅមកក្នុងន័យប្រឆាំងក្នុង (Group) ខណៈដែលកីឡាករ ៣រូបរបស់ជម្រើសជាតិអង់គ្លេស Saka វ័យ ១៩ឆ្នាំ, Rashford វ័យ ២៣ឆ្នាំ និង Jadon Sancho វ័យ ២១ឆ្នាំ ដោយក្នុងមួយរយៈពេលកន្លងមកនេះ បានទទួលរងការរើសអើងយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

ក្រុមដែលស្ថិតនៅលីគ League One បានកំពុងតែស៊ើបអង្កេតមួយ ចំពោះការសន្ទនាលក្ខណៈឯកជនរបស់ក្រុមយុវជន U18 នៃក្លិប Portsmouth ដែលបានបង្ហាញសាររើសអើង បន្ទាប់ពីមានរូបភាពសារមួយចំនួនត្រូវបានបែកធ្លាយ តែក្លិបក៏មិនបង្ហាញឈ្មោះយុវជនទាំង ៣នក់ ដែលបានបណ្តេញនោះដែរ៕