(អាមេរិក)៖ ភាពយន្តថ្មីរបស់ផលិតកម្ម Walt Disney មានចំណងជើងថា «Jungle Cruise» (ចាំងហ្គល គ្រូស) ដែលចូលរួមសម្តែងដោយតារាល្បី The Rock និង Emily Blunt ត្រូវបានបញ្ជាក់ថា នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែកក្កដា ស្អែកនេះតទៅ នៅតាមរោងកុន និងតាមរយៈសេវាកម្ម Disney+ ផងដែរ។ ភាពយន្តនេះ កំពុងត្រូវគេតាមដាន ពីប្រាក់ចំណូលដែលទទួលបាន ក្នុងរយៈពេលចាក់បញ្ចាំងដំបូង និងមានការប៉ានស្មានថា អាចទទួលបានប្រាក់ចំណូលចំនួន៤០លានដុល្លារ មកពីទីផ្សារជុំវិញពិភពលោក ក្នុងការចាក់បញ្ចាំងដំបូង។

បើតាមការចេញផ្សាយពី Hollywood Reporter នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ភាពយន្ត «Jungle Cruise» នេះ តាមរយៈការចាក់បញ្ចាំងដំបូង ទំនងជាទទួលបានប្រាក់ចំណូលចន្លោះពី ២៥ទៅ៣០លានដុល្លារ ពីទីផ្សាយក្នុងស្រុក និងប្រមាណ៤០លានដុល្លារ ពីទីផ្សាយក្រៅប្រទេស។ ដោយឡែក នៅមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ប្រាក់ចំណូលដំបូងពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុក ដែលទទួលបាន ប្រមាណ៥០លានដុល្លារ ត្រូវបានគេចាត់ទុកថា ជាការរកបានដ៏សមរម្យមួយរបស់ Disney សម្រាប់ភាពយន្តដែលមានការចូលរួមសម្តែង ដោយតារាល្បីៗ។ បច្ចុប្បន្ននេះ អំឡុងពេលមានជំងឺរាតត្បាត គេមិនទាន់ដឹងច្បាស់នោះឡើយថា តើរឿងថ្មីនេះនឹងរកប្រាក់ចំណូលបានប៉ុន្មាន?

គួរជម្រាបថា ក្នុងភាពយន្តថ្មីនេះ មានការចូលរួមពីតារាសម្ដែងស្រី Emily Blunt (អេមីលី ប្លាន់) ដើរតួជាអ្នកផ្សងព្រេងម្នាក់ ត្រូវបំពេញបេសកកម្ម ក្នុងការស្វែងរកដើមឈើបុរាណមួយដើម ដែលមានសមត្ថភាព ព្យាបាលជំងឺជាច្រើនមុខរបស់មនុស្ស ខណៈតារាសម្ដែង The Rock បានដើរតួធ្វើជាម្ចាស់ទូកម្នាក់ ដែលជូនដំណើរតួឯកស្រី ទៅស្វែងរកដើមឈើនោះ។ ប្រសិនបើភាពយន្ត «Jungle Cruise» នេះ ទទួលបានជោគជ័យ ខាងផលិតកម្មពិចារណាថា នឹងផលិតវាចេញជាស៊េរីដូចជាភាពយន្តចោរសមុទ្រ «Pirates of the Caribbean» អ៊ីចឹងដែរ៕