(គូឡាឡាំពួរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកូរ៉េខាងជើង បានដកខ្លួនពីការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U-23 Asian Cup 2022) ហើយ ខណៈក្នុងការចាប់ឆ្នោតកាលពីថ្មីៗ ពួកគេស្ថិតក្នុងពូល K ជាមួយក្រុមជម្រើសជាតិ U23 កម្ពុជា និងជប៉ុន។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ទន្ទឹមជាមួយការដកខ្លួនរបស់ក្រុមយុវជន U23 កូរ៉េខាងជើង ដែលនាំឲ្យបេក្ខភាពពូល K សល់ត្រឹម ២ក្រុមនេះ គណៈកម្មការរៀបចំការប្រកួតនឹងរៀបចំការចាប់ឆ្នោតមួយ ដើម្បីស្វែងរកបេក្ខភាពបង្គ្រប់ពូល K ឲ្យបាន ៣ក្រុមវិញ សម្រាប់ក្រុមមួយចំនួននៅក្នុងពូល G, H, I និង ពូល J លើកលែងតែក្រុមឈរលំដាប់ទី១ និងក្រុមម្ចាស់ផ្ទះនៃពូលនីមួយៗប៉ុណ្ណោះដែលមិនត្រូវបានចាប់ឆ្នោតចូលមកបង្គ្រប់ពូលជាមួយកម្ពុជា និងជប៉ុន។

សម្រាប់បេក្ខភាពក្រុមក្នុងពូលទាំង ៤ខាងលើដែលត្រូវរៀបចំចាប់ឆ្នោតរកក្រុមបង្គ្រប់ពូល K រួមមានពូល G មានក្រុម U23 ចិន និងព្រុយណេ, ពូល H ក្រុម U23 ទីម័រខាងកើត និងហ្វីលីពីន, ពូល I មានក្រុម U23 មីយ៉ាន់ម៉ា និងហុងកុង និងពូល J មានក្រុម U23 ម៉ាឡេស៊ី និងឡាវ។ ចំពោះពិធីចាប់ឆ្នោតនេះ គ្រោងធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតជម្រុះ AFC U-23 Asian Cup 2022 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣-៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីចម្រាញ់រកក្រុមខ្លាំង ឡើងទៅជុំចុងក្រោយនៅប្រទេសអ៊ូបេគីស្ថាន ដែលគ្រោងប្រកួតពីថ្ងៃទី០១-១៩ ខែមិថុនា ឆ្នាំ២០២២៕