(តូក្យូ)៖ ក្រុមអត្តពលិកមកពីសាធារណរដ្ឋប្រជានិតចិន ដណ្តើមបានតំណែងកំពូលតារាងមេដាយនៅ Tokyo Olympic Games 2020 លើកទី៣២ នេះវិញហើយ នៅក្រោយពេលឈ្នះមេដាយមាសកើនដល់ ១៥គ្រឿងស្មើនឹងម្ចាស់ផ្ទះជប៉ុន គិតត្រឹមម៉ោង ៨៖០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ។

ចិន បានឡើងមកនៅកំពូលតារាងមេដាយអូឡាំពិករដូវក្តៅក៏ពិតមែន ដោយសារឈ្នះមេដាយប្រាក់បាន ៧គ្រឿងជាបណ្តោះអាសន្ន លើសក្រុមចំណាត់ថ្នាក់លេខ២ ជប៉ុនដែលឈ្នះបានតែ ៤គ្រឿងនៅឡើយ រួមទាំងចាញ់មេដាយសំរិទ្ធចិនថែមទៀតផង។

ដូចគ្នានោះដែរ ក្រុមអត្តពលិកមកពីសហរដ្ឋអាមេរិកដែលដណ្តើមបានមេដាយច្រើនជាងគេកាលពី Rio Olympic Games 2016 នៅប្រទេសប្រេស៊ីលនោះ ក៏បន្តឈរនៅលេខរៀងទី៣ ផងដែរ ដ្បិតទើបឈ្នះមេដាយមាសបាន ១៤គ្រឿង តែចំនួនមេដាយសរុបកើនដល់ ៣៨គ្រឿងច្រើនជាងគេឯណោះ គ្រាដែលចិនទើបបាន ៣១គ្រឿង និងជប៉ុនសរុបទើបបាន ២៥គ្រឿងនៅឡើយ។

ចំណែកឯអត្តពលិករុស្ស៊ី ដែលចូលរួមក្រោមឆ័ត្រ ឬក៏ទង់ជាតិ ROC ក៏ដណ្តើមបានមេដាយសរុប ២៧គ្រឿង ឈរនៅលេខ៤ ជាបណ្តោះអាសន្នផងដែរដោយក្នុងនោះរួមមានមេដាយមាស ៨ ប្រាក់ ១១ និងសំរិទ្ធ ៨គ្រឿងទៅលើ ៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសាសរុប៕