(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Crystal Palace បានប្រកាសពីការចុះកិច្ចសន្យាជាមួយខ្សែការពារលំដាប់អន្តរជាតិ សញ្ជាតិដាណឺម៉ាក កីឡាករ Joachim Andersen ដែលបានផ្ទេរមកពីក្លិប Olympique Lyonnais ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
Andersen មានវ័យ២៥ឆ្នាំ បានចំណាយពេលវេលាកាលពីរដូវកាលមុន លេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Fulham។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចេញផ្សាយថា តម្លៃខ្លួនបឋមនៃការផ្ទេរកីឡាករ Andersen មានចំនួន ២២លានអឺរ៉ូ ជាមួយនឹងប្រាក់រង្វាន់បន្ថែម រហូតដល់ ៥លានអឺរ៉ូទៀត។
«ខ្ញុំពិតជាមានមោទកភាពណាស់ ដែលបានចូលរួមជាមួយ Crystal Palace និងរីករាយដែលបានលេងនៅក្នុងលីគបាល់ទាត់ ដ៏ល្អបំផុតរបស់ពិភពលោកនេះ» Andersen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សូមបញ្ជាក់ថា Andersen គឺជាកីឡាករទី ៤ហើយ ដែលបានចូលរួមជាមួយ Crystal Palace ក្នុងរដូវក្តៅនេះ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Vieira បន្ទាប់ពីការមកដល់នៃកីឡាករ Michael Olise, Remi Matthews និងកីឡាករ Marc Guehi៕