(តូក្យូ)៖ ក្រុមអត្តពលិករបស់ចិន នៅតែបន្តនាំមុខតំណែងកំពូលតារាងមេដាយនៅព្រឹត្តិការណ៍កីឡាចម្រុះ Summer Olympic Games 2020 នៅទីក្រុងតួក្យូ ប្រទេសជប៉ុនគិតត្រឹមព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ (ម៉ោងនៅកម្ពុជា)។

កីឡាករ-កីឡាការិនីចិន បន្តឈ្នះមេដាយមាសបាន ១៥គ្រឿងស្មើម្ចាស់ផ្ទះជប៉ុនដែលឈរនៅលេខ២ ដដែល លើចំនួនមេដាយសរុបមានតែ ៣១គ្រឿង គ្រាដែលជប៉ុនមាន ២៥គ្រឿង និងអាមេរិកដែលឈរនៅលេខ៣ ជាបណ្តោះអាសន្ននោះ ឈ្នះសរុបបានដល់ ៣៨គ្រឿងឯណោះ ទៅលើ ៣៣ប្រកួត ស្មើនឹង ៣៣៩វិញ្ញាសាដែលកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញរាល់ថ្ងៃនេះ។

គិតមកទល់នឹងពេលនេះ ក្រោយពិធីបើកការប្រកួតផ្លូវការនារាត្រីថ្ងៃទី២៣ ខែកក្កដាមក ឃើញថាចំនួនមេដាយសរុប ៣៥៦គ្រឿងបានធ្វើការចែកជូនដល់អត្តពលិកមកពី ១១ប្រទេសដែលឈ្នះមេដាយរួចរាល់ហើយ ដោយក្នុងនោះដែរមានមេដាយមាស ១១២គ្រឿង ប្រាក់ ១១២គ្រឿង និងមេដាយសំរិទ្ធ ១៣២គ្រឿង៕