(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកឆ្នើមរបស់កម្ពុជា សាលី អ៊ូមើត បានឲ្យដឹងថា ខ្លួននឹងចូលរួមការប្រកួត Grand Prix of Italy 2021 នៅប្រទេសអ៉ីតាលី នាថ្ងៃទី០៣-០៥ ខែកញ្ញាខាងមុខ ដែលជាការប្រកួតដ៏ធំមួយប្រចាំទ្វីបអឺរ៉ុប។ ការចូលរួមនេះបន្ទាប់ពី អ៊ូមើត បានខកខានចូលរួមការប្រកួតម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Series 2021-2022 (ជុំទី១) នៅប្រទេសប៉ូឡូញកាលពីថ្មីៗកន្លងទៅ។

អ៊ូមើត បន្ដថា ដើម្បីបានចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ ខ្លួនបានធ្វើដំណើរពីប្រទេសថៃមកកម្ពុជា ដើម្បីបន្ដសុពលភាពលិខិតឆ្លងដែន (Passport) និងស្នើសុំទិដ្ឋាការ (Visa) ទៅប្រទេសអាល្លឺម៉ង់ជាថ្មី បន្ទាប់ពីមានបញ្ហាក្នុងការស្នើសុំនៅប្រទេសថៃកាលពីថ្មីៗ។ បច្ចុប្បន្ន អ៊ូមើត និងកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ៤រូបទៀតកំពុងធ្វើចត្ដាឡីស័ក ក្រោយធ្វើដំណើរមកដល់កម្ពុជាកាលដើមសប្ដាហ៍កន្លងទៅ។

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ដដែលបន្ដថា «គោលដៅចូលរួមប្រកួត Grand Prix of Italy 2021 នៅអ៉ីតាលីនេះ ខ្ញុំចង់ផ្សាំជាមួយម៉ូតូថ្មី ដែលកំពុងស្ថិតនៅប្រទេសអូទ្រីស តាមរយៈការប្រកួតនេះ ហើយខ្ញុំក៏ចង់ហ្វឹកហាត់បន្ថែម ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់ចូលរួមការប្រកួត Jet Ski World Series 2021-2022 ជុំទី២ នៅសហរដ្ឋអាមេរិក និងជុំទី៣ នៅថៃ ពិសេសត្រៀមលក្ខណៈ និងពង្រឹងសមត្ថភាពសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង»

គួរដឹងថា ជើងខ្លាំងម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដើមឡើយត្រូវចូលរួមប្រកួត Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញ ពីថ្ងៃទី២១-២៥ ខែកក្កដាកន្លងទៅ តែដោយមានបញ្ហាស្នើសុំទិដ្ឋាការទៅអាល្លឺម៉ង់មានការយឺតយ៉ាវ បានធ្វើឲ្យគេខកខានចូលរួមវិញ។ តែយ៉ាងណាកីឡាករខ្មែរ-ឥស្លាមរូបនេះ នឹងចូលរួមការប្រកួត ២ជុំទៀត ទោះបីការប្រកួតត្រឹម ២ជុំនេះ ពុំទទួលបានចំណាត់ថ្នាក់ក៏ដោយ ពោលគឺជុំទី២ ប្រកួតនៅសហរដ្ឋអាមេរិក ពីថ្ងៃទី៦-១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ប្រកួតនៅប្រទេសថៃ ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២២ ខាងមុខ៕