(អាមេរិក)៖ តារាសម្តែងស្រី Scarlett Johansson ដែលជាតួឯកក្នុងរឿងបែបវីរៈនារី «Black Widow» នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ពាក្យប្តឹង ក្រុមហ៊ុន Walt Disney ដោយអះអាងថា ក្រុមហ៊ុនបានរំលោភកិច្ចសន្យាជាមួយនាង ពាក់ព័ន្ធនឹងការចាក់បញ្ចាំងភាពយន្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ក្នុងពាក្យបណ្តឹង ដែលតារាស្រីល្បីឈ្មោះរបស់អាមេរិក Scarlett Johansson បានដាក់ទៅកាន់តុលាការទីក្រុង Los Angeles បានបញ្ជាក់ថា ផលិតកម្ម Disney បានធ្វើខុសកិច្ចព្រមព្រៀងជាមួយនឹងនាង លើខ្សែភាពយន្ដដែលនាងបានចូលរួមសម្តែង។ ជាក់ស្តែង ខ្សែភាពយន្ត «Black Window» ត្រូវបានយកទៅចាក់ផ្សាយនៅលើវេទិកាអនឡាញ (Disney+) ខណៈដែលនៅក្នុងកិច្ចសន្យាដែលបានព្រមព្រៀង គឺយល់ព្រម ត្រឹមតែចាក់ផ្សាយក្នុងរោងកុនតែប៉ុណ្ណោះ។ ហេតុដូច្នេះ Disney មិនគោរពតាមកិច្ចសន្យា នៅលើកិច្ចព្រមព្រៀមនោះទេ។ ជាពិសេស គឺចាក់បញ្ចាំងលើអនឡាញ ក្នុងពេលតែមួយទៅនឹងការចាក់តាមរោងកុនផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ការសម្តែងក្នុងរឿងមួយនេះ នាងអាចខាតបង់ប្រាក់ប្រមាណ ៥០លានដុល្លារ ព្រោះជាទូទៅ នៅពេលខ្សែភាពយន្តថ្មីរបស់តារាហូលីវូដ ត្រូវបានចាក់ផ្សាយនៅលើរោងកុន អ្នកគាំទ្រត្រូវរង់ចាំរយៈពេលយ៉ាងតិច៣ខែ ទើបអាចទស្សនាលើប្រព័ន្ធអនឡាញបាន។

ជុំវិញបញ្ហានេះផលិតកកម្ម Disney ក៏បានចេញសេចក្តីថ្លែងការណ៍ ទាត់ចោលការលើកឡើងក្នុងពាក្យបណ្តឹងរបស់ Scarlett Johansso ដោយអះអាងថា ពាក្យបណ្តឹងនេះមិនមានលក្ខណៈសម្បត្តិ ត្រឹមត្រូវនោះឡើយ ដោយនិយាយថា ក្រុមហ៊ុនបានអនុវត្តន៍តាមអ្វីដែលមានក្នុងកិច្ចសន្យាជាមួយ Scarlett Johansso៕

គួរជម្រាបថា បន្ទាប់ពីត្រូវបានពន្យារពេលជាច្រើនដង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ទីបំផុតភាពយន្ត «Black Widow» ដែលនិយាយពី Superhero ស្រីដ៏ល្បីក្នុងក្រុម Avengers បានសម្រេចចាក់បញ្ចាំងតាមរោងភាពយន្ត និងនៅលើបណ្ដាញ Disney+ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ខណៈបច្ចុប្បន្ន រឿងនេះរកបានប្រាក់ចំណូលសរុប ២៧៥.២លានដុល្លារអាមេរិក៕