(សេអ៊ូល)៖ ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Hyundai Motor Group និង LG Energy Solution Ltd បាន សហការគ្នាបង្កើតរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងសម្រាប់ ទីផ្សារសកល ខណៈដែលក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោកបានចាប់ផ្ដើមងាកទៅផលិតតែរថយន្តអគ្គិសនីសុទ្ធ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េខាងត្បូង ទាំងពីរនេះបានបោះទុនរួមគ្នាក្នុងតម្លៃ ១.១ពាន់លានដុល្លារ ក្នុងការបង្កើតរោងចក្រផលិតអាគុយ រថយន្ត អគ្គិសនីនៅក្នុងតំបន់ Karawang ខាងកើតទីក្រុងហ្សាកាតា ដោយក្រុមហ៊ុនទាំងពីរកាន់កាប់ភាគហ៊ុន ៥០ភាគរយស្មើគ្នា។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Hyundai បានឱ្យដឹងថា រោងចក្រថ្មីនេះនឹងចាប់ផ្ដើមសាងសង់នៅត្រីមាសទី៤ឆ្នាំនេះ ហើយនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ និងអាចចាប់ផ្ដើមសង្វាក់ផលិតកម្មបាននៅពាក់កណ្ដាលឆ្នាំ២០២៤ ប៉ុន្តែមិនបាន បញ្ជាក់ថាអាចផលិតបានក្នុងកម្រិតណានោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោកបានជួបវិបត្តិជាសកលគឺកង្វះបន្ទះឈីប ដែលនាំឱ្យក្រុមហ៊ុនខ្លះត្រូវបានរោងចក្រជាបណ្ដោះអាសន្ន៕