(ភ្នំពេញ)៖ ស្ទើរតែមិនគួរឲ្យជឿសោះថា ចំណងស្នេហ៍ដែលពោរពេញដោយភាពផ្អែមល្ហែម ប្រកបដោយសុភមង្គល និងភាពស្និទ្ធស្នាលគ្រប់ពេលវេលា រយៈពេលជាង៣ឆ្នាំ របស់ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេក គឺតារាសម្ដែង អៀ ម៉េងលិ ហៅស្រីលិ ជាមួយនឹងគូស្នេហ៍វ័យក្មេង ជានិស្សិត រៀននៅប្រទេសអង់គ្លេសម្នាក់នោះ កំពុងតែអាចឈាន ដល់ផ្លូវបំបែក និងស្ថិតក្នុងស្ថានភាពរង្គោះរង្គើ ពាក់មុខយក្សដាក់គ្នា រហូតដល់ភាគីខាងស្រីបានបង្ហោះសារយ៉ាងចាក់ដោត បង្កប់ន័យលែងខ្វល់អ្វីទាំងអស់ ព្រោះតែទ្រាំលែងបាន ផ្ញើទៅកាន់គូស្នេហ៍របស់ខ្លួន។

ថ្លែងប្រាប់ Fresh News Plus តារាសម្ដែងសិចស៊ីចូលចិត្តលេងស្ទីល បញ្ចេញដើមទ្រូង គួរឲ្យគ្រឺតខ្នាញ់ស្រីស្រស់ អៀ ម៉េងលិ បានប្រាប់ថា នាងទទួលស្គាល់ថា ពិតជាមានជម្លោះជាមួយគូស្នេហ៍មែន ប៉ុន្តែរឿងតិចតួចទេ។ ទោះជាយ៉ាងណា អៀ ម៉េងលិ បានបង្ហោះសារ យ៉ាងចាក់ដោត នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដោយបានបញ្ជាក់ទាំងថ្ងៃខែជួបគ្នាដំបូង និងថ្ងៃខែដែលកំពុង មានជម្លោះថា «០១.០១.២០១៨ > ៣០.០៧.២០២១: ១៣០៧ ថ្ងៃ (3years six month four weeks one day) កុំបន្ទោសថាមកពីគេ មកខ្លួនយើងល្អមិនគ្រប់គ្រាន់ ទើបដល់ថ្ងៃនេះ ទទួលកំហុសគ្រប់ យ៉ាង!»។

យ៉ាងណាមិញ ទោះបីជាក្នុងសារដែលបានបង្ហោះ មិនបានរៀបរាប់ប្រាប់ពីដំណើរដើមទងនៃបញ្ហា នាំឲ្យស្រីស្រស់ អៀ ម៉េងលិ ដាច់ចិត្តទម្លាយចេញមកជាសាធារណៈក្ដី ប៉ុន្តែអាចសន្និដ្ឋានបានថា ភាគីខាងគូស្នេហ៍របស់នាង កំពុងតែខឹងនឹងនាង ឬបន្ទោសនាងក្នុងរឿងអ្វីមួយ។ ប្រសិនបើនាងខុសពិតមែន ដោយក្នុងន័យនេះ គឺម៉េងលិ សុខចិត្តទទួលកំហុសគ្រប់យ៉ាង ហើយសម្រេចដើរចេញដោយខ្លួនឯង។

តារាស្រីបង្កប់ដោយមន្តស្នេហ៍រយពាន់ អៀ ម៉េងលិ បានថ្លែងប្រាប់ទៀតថា មកដល់ពេលនេះមានតែបណ្ដោយ តាមដំណើរទេ ព្រោះបើមិនយល់ចិត្តគ្នា គឺមានតែបែកគ្នា។ អ្វីៗគ្រប់យ៉ាងមិនអាចបន្ទោសតែម្ខាងបានទេ សំខាន់តើខ្លួនឯង ធ្វើអ្វីបានល្អខ្លះឬនៅ? ទោះជួបប្រទះរឿងបែកប្រះស្រាំ ឬកំពុងតែប្រឈមនឹងការចែកផ្លូវគ្នាដើរក្ដី ប៉ុន្តែរូបនាង នៅតែប្រកាន់ជំហរមួយថា «ត្រូវតែរឹងមាំ»

ដោយឡែក គូស្នេហ៍របស់តារាស្រីដើមទ្រូងទ្រលុកទ្រលន់ អៀ ម៉េងលិ គឺលោក វិន ប៊ុនលក្ម្សី ហៅសកល បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ជាការពិតលោកទទួលស្គាល់ថា រូបលោកនិងកញ្ញា អៀ ម៉េងលិ កំពុងតែមានបញ្ហានិយាយមិនត្រូវគ្នាមែន។ លោកគិតថា ជាធម្មតាគូស្នេហ៍គ្រប់រូបតែងតែប៉ះពាក្យប៉ះសម្ដីគ្នា ក្នុងរឿងណាមួយ មិនខាន ប៉ុន្តែក្នុងដំណាក់កាលនេះ គឺមិនទាន់ដល់ថ្នាក់ត្រូវចែកផ្លូវគ្នា ឬបែកគ្នាដោយមិនបានពិភាក្សា ឲ្យអស់ពីបញ្ហានោះទេ។

គូស្នេហ៍របស់តារាស្រីសម្បូរមន្តស្នេហ៍ អៀ ម៉េងលិ រូបនេះ បានទទួលស្គាល់ថា ដើមហេតុដែលនាំឲ្យមានរឿងរកាំរកូសបែបនេះ គឺកើតឡើងដោយសារក្ដីប្រចណ្ឌ ពោលគឺរូបលោកជាអ្នកប្រចណ្ឌ គូស្នេហ៍ ដែលទៅកៀកកិតស្និទ្ធនឹងអ្នកផ្សេង ទើបបង្កឲ្យមានជាបញ្ហា តឹងសរសៃកដាក់គ្នា និយាយលែងស្ដាប់ ប៉ុន្តែលោកនឹងបន្តជជែក ជាមួយគ្នាបន្ថែមទៀត ហើយលោកយល់ថា នៅមិនទាន់អស់ក្ដីសង្ឃឹម ក្នុងចំណងស្នេហ៍ ដែលមានរយៈពេលជាង៣ឆ្នាំ មួយនេះឡើយ៕