(ភ្នំពេញ)៖ អត្តពលិកហែលទឹកកម្ពុជាទាំង ២រូបមានកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បានបញ្ចប់ការប្រកួតរបស់ខ្លួន លើវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ នាល្ងាចថ្ងៃទី៣០ ខែកក្កដានេះ ដោយអ្នកទាំងពីរបានបំបែកសមិទ្ធផលចាស់រៀងៗខ្លួននៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre តែគួរឲ្យស្ដាយពួកគេមិនបានឡើងវគ្គ ១៦នាក់ចុងក្រោយឡើយ។

សម្រាប់កីឡាករ ហែម ប៉ុច បានបញ្ចប់ការប្រកួតរបស់ខ្លួន ដោយឈរលេខរៀងទី៤ ហែលស៊េរី បន្ទាប់ពីប្រើថិរវេលា ២៤.៩១វិនាទី។ សមិទ្ធផលនេះ បានធ្វើឲ្យ ហែម ប៉ុច បំបែកកំណត់ត្រាចាស់របស់ខ្លួនដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៤.៩២វិនាទី។ ប៉ុន្ដែបើធៀបនឹងអត្តពលិកហែលទឹកអូឡាំពិកកម្ពុជា ២រូបទៀត ហែម ប៉ុច គឺធ្វើបានល្អជាងគេ បន្ទាប់ពីលោក ហែម គិរី ធ្លាប់ធ្វើបានក្នុងថិរវេលា ២៦.៤១វិនាទីកាលពីអូឡាំពិក ឆ្នាំ២០០០ និងលោក ហែម ថុនពន្លឺ ធ្លាប់ធ្វើបានក្នុងថិរវេលា ២៧.០៣វិនាទីកាលពីអូឡាំពិក ឆ្នាំ២០០៨។

ចំណែកកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បានបញ្ចប់ការប្រកួតរបស់ខ្លួនដោយឈរលេខរៀងទី៣ ក្នុងប្រភេទវិញ្ញាសាហែលស៊េរី បន្ទាប់ពីប្រើថិរវេលា ២៩.៤២វិនាទី។ សម្រាប់សមិទ្ធផលរបស់កីឡាការិនីវ័យក្មេងរូបនេះ នាងបានបំបែកកំណត្រាចាស់ខ្លួនដែលធ្លាប់ធ្វើបានក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ក្នុងថិរវេលា ២៩.៩៩វិនាទី ប៉ុន្ដែនៅទាបជាងអតីតកីឡាការិនី ហែមថុន វិទិនី ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ២៩.៣៧នាទីលើវិញ្ញាសា ៥០ម៉ែត្រសេរីដូចគ្នា ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។

ផ្អែកលើលទ្ធផលខាងលើនេះ កីឡាករ ហែម ប៉ុច បានឈរក្នុងតារាងចំណាត់ថ្នាក់រួមលើវិញ្ញាសា ៥០ម៉ែត្រសេរីបុរស លេខរៀងទី៥៣ ក្នុងចំណោមអត្តពលិក ៧៣នាក់ ខណៈកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ឈរលេខរៀងទី៦៥ ក្នុងចំណោមអត្តពលិក ៨១នាក់លើវិញ្ញាសា ៥០ម៉ែត្រសេរីនារី។ ដូច្នេះលទ្ធផលនេះ បានធ្វើឲ្យកីឡាករ-កីឡាការិនីកម្ពុជាទាំង ២រូបមិនបានឡើងវគ្គ ១៦នាក់ចុងក្រោយនោះទេ៕