(អង់គ្លេស)៖ ក្លិបបាល់ទាត់ Manchester United បានលុបចោលការប្រកួតលក្ខណៈមិត្តភាព មុនរដូវកាលរបស់ពួកគេ ជាមួយក្លិប Preston North End នាថ្ងៃសៅរ៍ បន្ទាប់ពីរកឃើញចំនួនតូចមួយ សង្ស័យថាវិជ្ជមាន COVID-19 នៅក្លិប, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ Premier League មួយនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

United បានស្មើគ្នាក្នុងលទ្ធផល២-២ ក្នុងការប្រកួតជាមួយក្លិប Brentford កាលពីថ្ងៃពុធ ហើយករណីទាំងនោះ ត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្តលើក្រុម។

ការប្រកួតត្រូវបានស្នើសុំលុបចោល ជាវិធានការការពារដោយផ្អែកលើពិធីការកូវីដ, ជាមួយនឹងបុគ្គល ដែលត្រូវបានកំណត់អត្តសញ្ញាណនោះ កំពុងរស់នៅដាច់ដោយឡែក ដើម្បីរង់ចាំការធ្វើតេស្តបន្ថែម។

ក្លិប United នៅសល់ការប្រកួតលក្ខណៈមិត្តភាពមុនរដូវកាល តែមួយប្រកួតទៀតប៉ុណ្ណោះ ពោលគឺត្រូវតទល់ជាមួយក្លិប Everton នៅពហុកីឡដ្ឋាន Old Trafford នាថ្ងៃទី៧ ខែសីហាខាងមុខ៕