(ជប៉ុន)៖ កីឡាករ Selemon Barega របស់ប្រទេសអេត្យូពី ដណ្តើមបានមេដាយមាសអត្តពលកម្មជាលើកដំបូង នៅព្រឹត្តិការណ៍កីឡា Tokyo Olympics បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងវិញ្ញាសាររត់ប្រណាំងផ្នែកបុរស ចម្ងាយ១០,០០០ម៉ែត្រ នៅឯពហុកីឡដ្ឋាន Tokyo Olympic Stadium នាថ្ងៃសុក្រនេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

Barega បានរត់ឆ្លងកាត់ខ្សែផ្តាច់ព្រ័ត្រ ដោយប្រើរយៈពេល២៧នាទី និង៤៣.២២វិនាទី, ត្រឹមតែ០.៤១វិនាទី មុនកីឡាករគ្រងពានរង្វាន់ជើងឯកពិភពលោក Joshua Cheptegei របស់អ៊ូហ្គង់ដា។

ចំពោះមេដាយសំរឹទ្ធ បានទៅលើកីឡាករសញ្ជាតិអ៊ូហ្គង់ដាម្នាក់ទៀត គឺកីឡាករ Jacob Kiplimo ដោយប្រើរយៈពេលរត់២៧នាទីនិង៤៣.៨៨វិនាទី៕