(តូក្យូ)៖ ក្រុមអត្តពលិកចិន នៅតែបន្តនាំមុខក្នុងតារាងចំណាត់ថ្នាក់មេដាយជាបណ្តោះអាសន្ននៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២០ លើកទី៣២ នេះ។

កីឡាករ-កីឡាការិនីចិន បានឈ្នះមេដាយមាសកើនដល់ ១៩គ្រឿងច្រើនជាងគេ និងមេដាយប្រាក់ ១០គ្រឿង សំរិទ្ធ ១១គ្រឿង សរុប ៤០គ្រឿងតាមពីក្រោយដោយក្រុមម្ចាស់ផ្ទះជប៉ុនដែលឈ្នះមេដាយសរុបបាន ២៨គ្រឿង និងអាមេរិក ដែលជាជើងខ្លាំងខាងដណ្តើមមេដាយអូឡាំពិក ឈរនៅលេខ៣ ដោយឈ្នះមេដាយសរុបបាន ៤១គ្រឿង។

ទោះជាយ៉ាង ការប្រកួតប្រជែងមេដាយអូឡាំពិក លើកទី៣២ នៅសល់ ៩ថ្ងៃទៀតទើបចប់ ពោលគឺរហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯណោះ។

គិតត្រឹមព្រឹកម៉ោង ៧៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ មេដាយសរុបចំនួន ៤២១គ្រឿង ដោយក្នុងនោះមានមេដាយមាស ១៣៣ ប្រាក់ ១៣៣ និងសំរិទ្ធ ១៥៥គ្រឿងត្រូវបានចែកជូនអត្តពលិកដែលចូលរួមលើ ៣៣ប្រភេទកីឡា ស្មើនឹង ៣៣៩វិញ្ញាសានោះ នៅពេលវិញ្ញសាមួយចំនួនរៀបនឹងបញ្ចប់ផងដែរ៕