(គីសម៉ាយ៉ូ)៖ រថយន្តក្រុងដែលដឹកនាំបុគ្គលិក និងកីឡាករនៃក្លិបបាល់ទាត់ JCCI Football Club ប្រមាណ ២០នាក់បានរងការវាយប្រហារដោយគ្រាប់បែកនៅតាមផ្លូវការឆ្ពោះទៅកីឡដ្ឋាន ដើម្បីលេងបើកការប្រកួតលីគរបស់ខ្លួននារដូវកាលថ្មីនេះនៅប្រទេសស៊ូម៉ាលី។

ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តដ៏សាហាវនេះ គឺបានកើតឡើងនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅពេលរថយន្តក្រុងដឹកនាំកីឡាករនោះសំដៅទៅទីលានប្រកួតដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសសូម៉ាលី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសស្ថិតនៅតំបន់អាហ្វ្រិកមួយនេះបានឲ្យដឹងថា រថយន្តក្រុង ១គ្រឿងដែលដឹកកីឡាកររបស់ក្លិបបាល់ទាត់ JCCI ស្ថិតនៅទីក្រុង Kismayo ត្រូវបានបំផ្ទុះគ្រាប់បែក ដែលមានផ្ទុកមនុស្សចំនួន ២០នាក់ គ្រាដែលប្រភពព័ត៌មានចេញពី Al-Ain News ក៏បានឲ្យដឹងផងដែរថា រថយន្តដែលជាគោលដៅនៃការបំផ្ទុះនោះ បានឆាបឆេះទាំងស្រុងបណ្តាល ឲ្យស្លាប់ និងរបួសអ្នកនៅក្នុងរថយន្តទាំងស្រុង ដោយមិនបានបង្ហាញពីចំនួនអ្នកស្លាប់ និងរបួសនោះទេ។

រហូតមកទល់នឹងពេលនេះ អាជ្ញាធរសូម៉ាលីក៏មិនទាន់បានធ្វើបទអត្ថាធិប្បាយណាមួយអំពីការបំផ្ទុះគ្រាប់បែកនេះទេ គ្រាដែលគ្មានភាគីណាអះអាង និងទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ តែអាចថា ជាចលនាភេរវករអាល់ដា និងអាល់សាប ដែលបានកំពុងព្យាយាមរារាំងនៃការបោះឆ្នោត និងបំផ្ទុះគ្រាប់បែកជាញឺកញាប់នៅក្បែរការិយាល័យបោះឆ្នោតសូម៉ាលីផងដែរ។

ដំណើរការបោះឆ្នោតបានចាប់ផ្តើមនៅទីក្រុង គីសម៉ាយ៉ូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ការបំផ្ទុះគ្រាប់បែកភេរវកម្មនេះ គឺបានកើតឡើងស្របពេលជាមួយនឹងការចាប់ផ្តើមការប្រកួតបាល់ទាត់ក្នុងស្រុកនៅក្នុងរដ្ឋ Jubland ដែលស្ថិតក្នុងទីក្រុង Kismayo៕