(ភ្នំពេញ)៖ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានអស់ឱកាសប្រជែងមេដាយកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ក្រោយបញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរីលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ដោយប្រើថិរវេលា ១១.០២វិនាទី ក្នុងការប្រកួតនៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

ផ្អែកលើលទ្ធផលខាងលើ ប៉ែន សុខគង់ បានធ្លាក់ត្រឹមវគ្គជម្រុះដំបូង ហើយគេក៏មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ១០.៨៧វិនាទីបានដែរ។ បើធៀបជាមួយកីឡាករចំណាត់ថ្នាក់លេខ១ ក្នុងស៊េរីជាមួយគ្នា គឺកីឡាករ Makusha Ngoni មកពីប្រទេសហ្ស៊ីបាវ៉េ (Zimbabwe) ប៉ែន សុគង់ ចាញ់ប្រៀបថិរវេលា ០០.០៨វិនាទី។
គួរបញ្ជាក់ផងថា ពេលនេះអត្តពលិកកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 ហើយ បន្ទាប់ពីកីឡាករ-កីឡាការិនីហែលទឹក ២រូប ក៏បានធ្លាក់ត្រឹមវគ្គជម្រុះក្នុងការប្រកួតរបស់ខ្លួនដូចគ្នាកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដាម្សិលមិញ៕