(អាមេរិក)៖ ប្រធាន Marvel Studios លោក Kevin Feige ត្រូវបានរាយការណ៍ថា លោកមានការខឹងសម្បារ និងមានភាពអាម៉ាស់ផងដែរ ចំពោះអ្វីដែលផលិតកម្ម Disney បានឆ្លើយតប និងធ្វើទៅលើតារាសម្តែង Scarleet Johansson។ ការចេញមុខបញ្ជាក់បែបនេះ ពីសំណាក់លោក Kevin Feige គឺបន្ទាប់ពីតារាស្រី Scarleet Johansson តួឯកក្នុងរឿង «Black Widow» បានដាក់ពាក្យប្តឹង ក្រុមហ៊ុន Disney ពីបទ បំពានកិច្ចសន្យា ចាក់បញ្ចាំងភាពយន្ត។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ IGN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

ការបង្ហាញចំណាប់អារម្មណ៍ ក្នុងន័យការពារតារាស្រី Scarleet Johansson ជុំវិញរឿងក្តីជាមួយ Disney នៅពេលនេះ គឺបន្ទាប់ពីលោកសង្កេតឃើញថា ក្រុមហ៊ុន Disney ហាក់បីដូចជា មិនបានធ្វើអ្វីឲ្យគ្រប់គ្រាន់ ដើម្បីឲ្យមានភាពត្រឹមត្រូវ ទៅលើតារាជួរមុខម្នាក់របស់ Marvel ហើយអ្វីដែលលោកចង់បាន គឺភាពយុត្តិធម៌ចំពោះតារាសម្តែង។

គួររំឭកថា Scarlett Johansson បានដើរតួជា Black Widow តាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាងបានដាក់ពាក្យប្តឹងក្រុមហ៊ុន Walt Disney ដោយអះអាងថា ក្រុមហ៊ុនបានរំលោភកិច្ចសន្យាជាមួយនាង ពាក់ព័ន្ធនឹងការចាក់បញ្ចាំងភាពយន្ត ព្រោះក្នុងកិច្ចសន្យា គឺភាពយន្ត ដែលនាងសម្តែងរឿង «Black Widow» មានការព្រមព្រៀងគ្នាចាក់ក្នុងរោងកុនប៉ុណ្ណោះ ប៉ុន្តែ Disney បានដាក់បញ្ចាំងលើអនឡាញ ហើយស្របពេលតែមួយទៅនឹងការចាក់ក្នុងរោងកុន។ ប្រការនេះបានធ្វើឲ្យនាងខាតបង់ប្រាក់ចំណូល ព្រោះបើប្រភពបានឲ្យដឹងថា ចំណូលដែល Scarleet Johansson ពីរឿង «Black Widow» គឺតាមរយៈភាគរយដែលរកបានពីការចាក់បញ្ចាំង។

ទោះជាយ៉ាងណាក្តី មានបណ្តាទស្សនិកជនមួយចំនួនបានលើកឡើងថា តារាសម្តែងគួរតែមានការយោគយល់ ខណៈផលិតកម្មក៏ត្រូវមានដំណោះស្រាយណាមួយសមស្របផងដែរ ព្រោះស្ថិតក្នុងវិបត្តិកូវីដ-១៩នេះ ការចាក់បញ្ចាំងតាមអនឡាញ គឺជាប្រភពចំណូលមួយដ៏ច្រើន ដែលជាក្តីសង្ឃឹមចំពោះវិស័យភាពយន្ត៕