(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប និងក្រុមហ៊ុនភ័ញធើ ប្រផឹធី ដែលជា ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការគ្នា ក្នុងការបង្កើតគម្រោងលំនៅដ្ឋានភូមិសំរោង ដែលជាគម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើបមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។

គម្រោងបុរីដ៏ធំស្កឹមស្កៃមួយនេះ បានបើកការដ្ឋានសាងសង់តាំងពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅលើផ្ទៃដីសរុបរហូតដល់ទៅ២៧០ ហិកតា ដោយដំណាក់កាលទី១ នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា។

ដោយមើលឃើញពីភាពជោគជ័យយ៉ាងសន្ធឹកសន្ធាប់ បទពិសោធន៍ និងជំនាញច្បាស់លាស់របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យភ័ញធើ ក្រុមហ៊ុន ព្រីន ហ័ន យូ បានជ្រើសរើសក្រុមហ៊ុនភ័ញធើ ដើម្បីផ្តល់ប្រឹក្សា និងផ្តល់ជាជំនួយផ្នែកលក់ និងទីផ្សារទៅលើគម្រោងបុរីភូមិសំរោង។

ពិធីចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់ និងទីផ្សារផ្តាច់មុខ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣០ កក្កដាកន្លងទៅនេះ។

លោក ងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនភ័ញធើ បានថ្លែងថា បើទោះបីជាស្ថិតក្នុងបរិបទកូវីដក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា តម្រូវការទិញផ្ទះ ដើម្បីស្នាក់នៅនៅតែបន្តកើនឡើង ដោយប្រជាពលរដ្ឋខ្មែរ យើងភាគច្រើនឥឡូវកំពុងងាកទៅរកគម្រោងលំនៅដ្ឋាន ដែលមានទីធ្លាធំទូលាយ មានសួនច្បារ និងបរិយាកាសរស់នៅល្អបែបធម្មជាតិ។

លោកបានបង្ហើបបន្ថែមទៀតថា គម្រោងភូមិសំរោងនេះ នឹងផ្តោតសំខាន់ទៅលើការរស់នៅជាលក្ខណៈសហគមន៍ ជាពិសេសគម្រោងទាំងមូល នឹងគ្របដណ្តប់ទៅដោយរុក្ខជាតិបៃតង។

គួរបញ្ជាក់ផងដែរថា គម្រោងលំនៅដ្ឋានដ៏ធំមួយនេះ មិនមែនជាគម្រោងទីមួយរបស់ក្រុមហ៊ុនព្រីន ហ័ន យូ រៀលអ៊ី ស្ទេតនោះទេ ពោលគឺក្រុមហ៊ុនបានឈរជើង នៅប្រទេសកម្ពុជា អស់រយៈកាលជាង៥ឆ្នាំកន្លងមកហើយ ដោយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពន្លឿនសន្ទុះនៃការរីកចម្រើនដ៏ឆាប់រហ័ស ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។

សមិទ្ធផលជាច្រើនរបស់ក្រុមហ៊ុនប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានសណ្ឋាគារលំដាប់ផ្កាយ៥ រមណីយដ្ឋាន ផ្សារទំនើប អាហារដ្ឋាននិងភេសជ្ជៈ និង វិស័យផ្សេងៗទៀតជាច្រើន ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរ។

ទស្សនវិស័យរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ គឺសម្លឹងឃើញពីសក្តានុពលគ្មានដែនកំណត់ និងល្បឿននៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យឥតឈប់ឈរ របស់ប្រទេសកម្ពុជា ជាក់ស្តែងក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការវិនិយោគ ដោយយកទីក្រុងភ្នំពេញជាទីតាំងស្នូលបន្ទាប់ពីខេត្តព្រះសីហនុនិងសៀមរាប តួយ៉ាងសមិទ្ធផលក្នុងវិស័យអចលនទ្រព្យជាច្រើនកន្លងមករួមមាន ខុនដូ Prince Golden Bay ខុនដូ Prince Huan Yu Center និង Prince Financial Tower។

ដោយមានចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន ក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រុមហ៊ុនព្រីន ហ័ន យូ បានសម្រេចយកទីតាំង នៃភាគខាងជើងរាជធានីភ្នំពេញ ដើម្បីសាងសង់គម្រោងលំនៅដ្ឋានភូមិសំរោង ដែលជាតំបន់អភិវឌ្ឍន៍ថ្មីពោរពេញ ដោយសក្តានុពលដែលមានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តជាតិ ក្លឹបវាយកូនហ្គោលលំដាប់ផ្កាយ៥ ពហុកីឡដ្ឋានជាតិមរតកតេជោ សួនសត្វសាហ្វារី សួនទឹកហ្គាដេនសីុធី និងកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើន។ គម្រោងនេះ នឹងត្រូវបើកលក់ជាសាធារណៈក្នុងពេលឆាប់ៗនេះ៕