(ឡុងដ៏)៖ Ben White បានព្រមព្រៀងលើកិច្ចសន្យាផ្ទេរចេញពីក្លិប Brigthon មកកាន់ក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃប្រមាណ ៥០លានផោន ដែលស្មើនឹង ៦៩លានដុល្លារ សម្រាប់ត្រៀមប្រជែងលីគអង់គ្លេស Premier League 2021-2022 ដែលនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២១។

Ben White មុនបន្តមកកាន់ Arsenal កីឡាករខ្សែការពាររូបនេះបានចាប់ផ្តើមអាជីពដំបូងក្នុងក្លិប Southampton ហើយក៏ត្រូវបានក្លិប Brighton ទិញមកក្នុងឆ្នាំ២០១៦ ហើយក៏បានបន្តលេងជាលក្ខណៈខ្ចីជើងជាមួយក្លិប Newport County, Peterborough United និងក្លិប Leeds United ដោយសរុបលេងបាន ១៦៣ប្រកួត។

មុនបន្តមកកាន់ក្លិបកាំភ្លើងធំដែលស្ថិតក្រោមការដឹកនាំរបស់លោក Mikel Arteta នៃកីឡដ្ឋាន Emirates គ្រូបង្វឹករូបនេះក៏បានលើកឡើងថា «Ben ជាគោលដៅសំខាន់មួយរបស់ក្លិប ហើយពិតជាអស្ចារ្យណាស់ដែលបានបញ្ចប់ការចុះហត្ថលេខាជាមួយគេ»

Ben White ដែលមានវ័យ ២៣ឆ្នាំ សញ្ជាតិអង់គ្លេសផងនោះ បានឈ្នះពានកីឡាករប្រចាំឆ្នាំរបស់ក្លិប Brighton កាលពីរដូវកាលឆ្នាំ២០២០-២០២១ ខណៈការសម្រេចកិច្ចសន្យាថ្មីជាមួយ Arsenal មានរហូតដល់ឆ្នាំ២០២៥ ហើយរូបគេនឹងពាក់អាវលេខ៤ និងបានបង្ហាញខ្លួនជាមួយក្រុមថ្មីនៃប្រកួតមិត្តភាពជាមួយក្លិប Chelsea មុនចាប់ផ្តើមប្រកួតរដូវកាលថ្មីផងដែរ៕