(ភ្នំពេញ)៖ ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយសង្គម យុវតី សូថាវណ្ណ ម្ចាស់ប្រេន Sol Chérie ក៏បានស្ម័គ្រចិត្តបរិច្ចាគធនធានផ្ទាល់ខ្លួន ព្រមទាំងរៃអង្គាសបានពីញាតមិត្តមានជាថវិកា និងសម្ភារបរិក្ខារខ្លះៗ យកទៅជួយមន្ទីរពេទ្យកុមារជាតិ ខេត្តសៀមរាប ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ព្រមទាំងដើម្បីជួយដល់ជនក្រីក្រ និងកុមារៗ ដែលសម្រាកព្យាបាលនៅមន្ទីរនេះផងដែរ។

កញ្ញា សូថាវណ្ណ បានថ្លែងថា ដោយសារជិតដល់ថ្ងៃខួបកំណើតរបស់ខ្លួន (ថ្ងៃទី០១ ខែសីហា) កញ្ញាក៏ចង់ធ្វើសកម្មភាពមនុស្សធម៌-សប្បុរសធម៌ឱ្យបានច្រើន ដើម្បីបានជួយដល់អ្នកក្រខ្សត់ និងកុមារកម្ពុជា ដែលគាត់កំពុងជួបស្ថានភាពលំបាកក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ។

សូថាវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារខ្ញុំស្គាល់មិត្តភក្តិនៅសៀមរាប ហើយគេតែងនិយាយប្រាប់ថា មន្ទីរពេទ្យកុមារអង្គរ គឺមានតួនាទីភារកិច្ចយ៉ាងសំខាន់ក្នុងការមើលថែ ព្យាបាលកុមារៗ ហើយមន្ទីរពេទ្យកំពុងជួបការខ្វះខាតគ្រឿងសម្ភារៈ ដូច្នេះហើយទើបខ្ញុំគិតថាចង់ជួយដល់មន្ទីរពេទ្យនេះ»។

កញ្ញាបានបន្តថា សកម្មភាពនេះកញ្ញាបានធ្វើតាំងពីថ្ងៃទី២៤ ខែកក្កដា ហើយបានបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈសម្ភារបរិក្ខារមួយចំនួន កញ្ញាបានបញ្ជូនឱ្យខាងមន្ទីរពេទ្យកុមារអង្គររួចហើយដែរ។ ចំណែកថវិកាវិញ ប្រសិនបើបូកទាំងថវិកាផ្ទាល់ខ្លួន ថវិកាគ្រួសារ និងញាតិមិត្តផងនោះ គឺមានចំនួន ៦,៧៥៤ ដុល្លារហើយ។

រស់នៅក្នុងត្រកូលគ្រួសារសុខដុមមួយ កញ្ញា សូថាវណ្ណ បានរំឭកថា ជារឿយៗ គ្រួសារកញ្ញាតែងតែធ្វើសកម្មភាពសប្បុរសធម៌ បរិច្ចាគធនធានផ្សេងៗជូនដល់អ្នកក្រខ្សត់ ជនរងគ្រោះជាដើម។ ជាក់ស្ដែង គ្រួសាររបស់កញ្ញាក៏ធ្លាប់បានឧបត្ថម្ភដល់អ្នកធាក់ស៉ីក្លូ និងពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញផងដែរ៕