(ភ្នំពេញ)៖ ឥលូវនេះ អតិថិជនគ្រប់រូប អាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួន ពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តាមរយៈកម្មវិធីស្មាតហ្វូនវីង។

ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានរួមសហការគ្នាដើម្បីផ្តល់ភាពងាយស្រួល ក្នុងការទទួលបាន របាយការណ៍ឥណទានសំខាន់ៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង។

ឥឡូវនេះ តាមរយៈមុខងារថ្មី នៅលើកម្មវិធីស្មាតហ្វូនវីង អ្នកប្រើអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនពីស៊ីប៊ីស៊ី ដែលផ្តល់ភាពងាយស្រួល សម្រាប់ពួកគេក្នុងការពិនិត្យមើលប្រវត្តិឥណទាន ដែលចាំបាច់សម្រាប់ការស្នើសុំប្រាក់កម្ចី នៅតាមស្ថាប័នហិរញ្ញវត្ថុណាមួយ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានថ្លែងថា «ឥលូវនេះ អតិថិជនដែលត្រូវការស្នើសុំប្រាក់កម្ចី ដំបូងឡើយគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីងរបស់យើង ហើយស្នើសុំរបាយការណ៍របស់ពួកគេ។ ដំណើរការទាំងមូលត្រូវបានរក្សាការសម្ងាត់ និងការការពារយ៉ាងល្អ តាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង»

តាមរយៈភាពជាដៃគូរវាងធនាគារវីង និងស៊ីប៊ីស៊ី អ្នកប្រើប្រាស់អាចស្នើសុំដោយខ្លួនឯង នូវរបាយការណ៍ឥណទានផ្ទាល់ខ្លួន តាមរយៈស្មាតហ្វូន ដែលជួយសន្សំសំចៃ ពេលវេលា និងថវិកាបាន បើមិនដូច្នេះទេ ពួកគេត្រូវចំណាយសម្រាប់ការធ្វើដំណើរ ទៅការិយាល័យរបស់ស៊ីប៊ីស៊ី និងការិយាល័យរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលជាដៃគូរបស់ស៊ីប៊ីស៊ី។

ដំណើរការនៃការស្នើសុំទាំងមូល អាចត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយរាប់តែថ្ងៃធ្វើការ តាមរយៈឌីជីថលផ្លេតហ្វមដែលមានសុវត្ថិភាព និងភាពងាយស្រួល របស់ធនាគារ វីង និងស៊ីប៊ីស៊ី។

លោក អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានថ្លែងថា «ភាពជាដៃគូជាមួយធនាគារវីង នឹងអនុញ្ញាតឲ្យយើងបម្រើសហគមន៍ ឲ្យកាន់តែទូលំទូលាយជាងមុន នៅទូទាំងប្រទេសកម្ពុជា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់របាយការណ៍ឥណទាន ដែលមានភាពត្រឹមត្រូវ និងឆាប់រហ័សដល់អ្នកខ្ចី ដោយជួយឲ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ»

របាយការណ៍ឥណទានផ្ទាល់ខ្លួន កត់ត្រាប្រវត្តិទូទាត់ឥណទានរបស់អ្នកខ្ចី ដែលត្រូវបានប្រមូលផ្តុំមកពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ឥណទានទាំងអស់តម្រូវឱ្យរាយការណ៍ព័ត៌មានឥណទានដល់ ស៊ីប៊ីស៊ី ។

អ្នកផ្តល់ឥណទានត្រូវពិនិត្យឯកសារឥណទានផ្ទាល់ខ្លួន របស់អ្នកស្នើសុំ ដើម្បីវាយតម្លៃលទ្ធភាព ក្នុងការប្រើប្រាស់ឥណទានមុនពេលសម្រេចចិត្តផ្តល់ឥណទាន។ ប្រវត្តិនៃការសងឥណទានល្អ នឹងធ្វើឲ្យមានភាពងាយស្រួល សម្រាប់អ្នកស្នើសុំដើម្បីមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានឥណទាន។

យោងតាមរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ការស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើងសរុប ១៧ ភាគរយនៅកម្ពុជា។ ការកើនឡើងគួរឲ្យកត់សំគាល់បំផុត គឺពាក្យសុំប្រាក់កម្ចីអចលនទ្រព្យ ដែលកើនឡើង ៣៣ ភាគរយពីត្រីមាសមុន បន្ទាប់មកមានការកើនឡើង ចំនួន១៦ភាគរយ នៃពាក្យស្នើសុំឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយក៏មានការកើនឡើងចំនួន ២ភាគរយនៃពាក្យសុំប័ណ្ណឥណទាន ផងដែរ។

ទាំងធនាគារវីង និងស៊ីប៊ីស៊ី សហការគ្នាដើម្បីលើកកម្ពស់ការទទួលបាន សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្រិតជីវភាព របស់សហគមន៍ជាច្រើន កាន់តែមានភាពប្រសើរឡើង។ ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ធនាគារវីងមានការរីកចម្រើនជាច្រើន ដោយមានភ្នាក់ងារវីងជិត ១០០០០ កន្លែងនៅគ្រប់ស្រុកទាំងអស់នៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរធនាគារវីង ក៏បានកែសំរួលកម្មវិធីស្មាតហ្វូនវីងដោយមានអ្នកប្រើប្រាស់ជាង ៣ លាននាក់។

ស៊ីប៊ីស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ប្តេជ្ញាចិត្តជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ស៊ីប៊ីស៊ីបានបំពេញកិច្ចការទាំងនេះ តាមរយៈការដោយផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុជាសមាជិក។

បន្ថែមពីលើរបាយការណ៍ ឥណទានផ្ទាល់ខ្លួន និងពាណិជ្ជកម្ម ស៊ីប៊ីស៊ី ក៏ផ្តល់ជូននូវដំណោះស្រាយឧបករណ៍វិភាគទិន្នន័យ ដល់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយពួកគេក្នុងការសម្រេចចិត្ត ដែលមានព័ត៌មានច្បាស់លាស់ និងទទួលបានព័ត៌មានច្បាស់លាស់ពីអាជីវកម្មរបស់ពួកគេ។

ឥឡូវនេះតាមរយៈភាពជាដៃគូនេះរបស់ធនាគារវីង និងស៊ីប៊ីស៊ី អ្នកប្រើប្រាស់នឹងត្រូវបានគិតប្រាក់ត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ សម្រាប់សំណើនីមួយៗដែលធ្វើឡើងតាមរយៈកម្មវិធីស្មាតហ្វូនវីង៕