(តូក្យូ)៖ ក្រុមកីឡាករ-កីឡាការិនីចិន ដណ្តើមបានមេដាយមាសកើនដល់ ២៣គ្រឿងច្រើនជាងគេ គិតត្រឹមម៉ោង ៥៖០០នាទីល្ងាចថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) បន្តឈរនៅលេខ១ ដដែលក្នុងតារាងចំណាត់ថ្នាក់លេខ១ នៃព្រឹត្តិការណ៍កីឡាចម្រុះ អូឡាំពិករដូវក្តៅ ឆ្នាំ២០២០។

ចិនបានឈ្នះមេដាយសរុប ៥០គ្រឿង ដោយក្នុងនោះមានមេដាយមាស ២៣គ្រឿងច្រើនជាងគេ ដ្បិតមេដាយប្រាក់បាន ១៤គ្រឿង និងមេដាយសំរិទ្ធបាន ១៣គ្រឿង នៅពេលអត្តពលិកអាមេរិកឡើងមកឈរនៅលេខ២ វិញដោយឈ្នះមេដាយមាសបាន ២០គ្រឿង ក្នុងចំណោមមេដាយសរុប ៥៤គ្រឿង និងម្ចាស់ផ្ទះជប៉ុនធ្លាក់មកឈរលេខ៣ ជាបណ្តោះអាសន្នវិញ ដោយឈ្នះបានមេដាយសរុប ៣០គ្រឿង។

ជាមួយគ្នានោះដែរ ក្រុមអត្តពលិកអូស្រា្តលី ដែលបញ្ជូនកីឡាករ-កីឡាករច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ៤ នៅអូឡាំពិកលើកទី៣២ នេះ ក៏បានរំកិលឡើងមកនៅលេខរៀងទី៤ ផងដែរ បន្ទាប់ពីដណ្តើមបានមេដាយសរុប ៣១គ្រឿង រុញច្រានអត្តពលិករុស្ស៊ីដែលចូលរួម Tokyo Olympic Games 2020 ក្រោមឆ័ត្ររបស់ ROC នោះធ្លាក់មកលេខ៥ វិញ បន្ទាប់ពីឈ្នះមេដាយមាសចាស់អូស្រ្តាលី ៣គ្រឿង។

តួយ៉ាងការប្រកួតប្រជែងក្នុងយុទ្ធនាការដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ នោះ នឹងបន្តរហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ទើបចប់លើ ៣៣ប្រភេទកីឡា និងចែកចេញជា ៣៣៩វិញ្ញាសាប្រកួត៕