(ភ្នំពេញ)៖ បុរសស្រលាញ់ភេទដូចគ្នាមានហានីភយ័កើតជំងឺកាមរោគនៅបរិវេណបាត។ ជំងឺកាមរោគជាប្រភេទជំងឺដែលបង្ករឡើងដោយវីរុសឬបាក់តេរី និងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ។

នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេស ជំងឺក្រពះ ពោះវៀន ជំងឺរន្ធបាត និងការវះកាត់ ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ។

វេជ្ជបណ្ឌិត ថាវ ស៊ីដានីន បានគូសបញ្ជាក់ថាភាគរយនៃហានីភ័យកើនឡើងកាន់តែខ្ពស់ចំពោះបុគ្គលដែលមានដៃគូរួមភេទច្រើន និងមិនបានប្រើប្រាស់ស្រោមអនាមយ័ពេលរួមភេទ។

ជំងឺដែលឆ្លងតាមការរួមភេទមានដូចជា៖ ជំងឺសេមាន់ ជំងឺស្វាយ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា ជំងឺពងបែក រលាកថ្លើមប្រភេទបេនិងសេ ជំងឺអេដស៍។ល។

*ជំងឺសេមាន់៖ មានដុំពកបរិវេណរន្ធបាតផ្នែកខាងក្រៅឬក្នុង អមមកជាមួយនូវអាការៈរមាស់ ឈឺចាប់ពេលបន្ទោរបង់។ ជំងឺនេះអាចវិវត្តន៍ទៅជាមហារីកបាតប្រសិនបើមិនព្យាបាល

*ជំងឺស្វាយ, ប្រមេះទឹកបាយ, ប្រមេះទឹកថ្លា និងជំងឺពងបែក ដែលស្ដែងចេញនូវរោគសញ្ញាស្រដៀងៗគ្នាដូចជា៖ ឈឺចាប់ខ្លាំង អួលណែន ក្ដៅក្រហាយ រមាស់នៅបាត រាគឬមានអារម្មណ៍ចង់ជុះតែជុះមិនចេញ បន្ទោរបង់មានឈាមនិងខ្ទុះ។

ប្រសិនបើមិនធ្វើការព្យាបាលវាអាចបង្ករផលវិបាកធ្ងន់ធ្ងរមួយចំនួនដែលមិនអាចបកក្រោយបានដូចជា រលាកសន្លាក់ មិនមានលទ្ធភាពបង្ករកំណើត ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រពន្ធប្រសាទ្ធនិងភ្នែកដែលអាចបណ្ដាលឲ្យខ្វាក់ភ្នែក។

លើសពីនោះការប្រើប្រាស់ស្រោមអនាមយ័ពេលរួមភេទអាចកាត់បន្ថយអត្រាចម្លង ប៉ុន្តែមិនអាចការពារបាន១០០%នោះទេ។

វេជ្ជបណ្ឌិតឯកទេសរូបនេះ បន្តថា ការពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលា ជួយឲ្យជាសះស្បើយ និងជៀសវាងផលវិបាកធ្ងន់ធ្ងរ

សម្រាប់ដៃគូរួមភេទរបស់អ្នកជំងឺគួរធ្វើតេស្តរកមេរោគដែលមិនទាន់ចេញរោគសញ្ញា និងទទួលយកការព្យាបាលដើម្បី បង្ការការវិវត្តទៅរកផលវិបាកដោយមិនដឹងខ្លួន និងកាត់ផ្ដាច់ការចម្លងជាថ្មីម្ដងទៀតមកអ្នកជំងឺដែលបានព្យាបាលរួច៕