(ភ្នំពេញ)៖ ការប្រកួតដ៏ធំ២គូ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១១ បានបញ្ចប់ជាមួយលទ្ធផលដ៏តានតឹង ដោយក្រុមនាគខៀវបឹងកេត បានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ខណៈកីឡាករ ចាន់ វឌ្ឍនាកា (CV-11) រកបាន ២គ្រាប់ម្នាក់ឯង។ រីឯក្រុមសិង្ហក្រហមភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៏ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១ នៅព្រលប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

សម្រាប់ជំនួបរវាងក្រុមជើងឯក និងជើងឯករងឆ្នាំចាស់ នៅកីឡដ្ឋានខេត្តស្វាយរៀង ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខ ១គ្រាប់មុន នៅនាទី១៥ ដែលធ្វើសម្រេចដោយកីឡាករ Privat ។ ប៉ុន្ដែមុនបញ្ចប់វគ្គទី១ កីឡាករ ចាន់ វឌ្ឍនាកា ក៏រកបានគ្រាប់តាមស្មើ ១-១ វិញ នៅនាទី៤៤ មុនខ្សែប្រយុទ្ធជំនាញជើងឆ្វេងដដែល បន្ថែមគ្រាប់ទី២ នៅនាទី៩០+៤ ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកបឹងកេតតែម្ដង។

ដោយឡែកជំនួបដ៏តានតឹង នៅកីឡដ្ឋាន Smart RSN វិញ វគ្គទី១ ក្រុមណាហ្គាវើលដ៏ បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅចុងវគ្គទី១ ដោយកីឡាករ ឃឹម បូរី ។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងនៅវគ្គទី២ រហូតដល់នាទី៨៤ ទើបកីឡាករ Matheus Souza រកបានគ្រាប់តាមស្មើ ១-១ ឲ្យអតីតក្រុមជើងឯក ៦សម័យភ្នំពេញក្រោន ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត។

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមបឹងកេត រំកិលទៅឈរលេខរៀងទី២ និងមាន ២១ពិន្ទុបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតឈ្នះ ៧ និងចាញ់ ៣ ស្របក្រុមព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ៣ និងមាន ១៩ពិន្ទុក្នុងដៃ ។ រីឯក្រុមភ្នំពេញក្រោន បានបន្ដឈរលេខ៦ និងមាន ១៨ពិន្ទុក្នុងដៃ តែពួកគេទើបប្រកួតបាន ៨ប្រកួតប៉ុណ្ណោះ ស្របពេលក្រុមណាហ្គាវើលដ៏ បានធ្លាក់មកឈរលេខ៥ និងមាន១៩ពិន្ទុក្នុងដៃ។

ចំណែកក្រុមវិសាខាវិញ បានឡើងទៅឈរកំពូលតារាង និងមាន ២២ពិន្ទុក្នុងដៃ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមភ្ញៀវខេត្តព្រៃវែង ដោយលទ្ធផល ៣-២ ក្នុងជំនួបសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា កាលពីរសៀលថ្ងៃទី០១ ខែសីហានេះ។ ហើយនៅម៉ោងដំណាលគ្នានោះដែរ ក្រុមគិរីវង់សុខសែនជ័យ ក៏បានយកឈ្នះក្រុមអគ្គិសនី ដោយលទ្ធផល ២-០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជាផងដែរ៕