(ប៉ារីស)៖ Lille ដែលជាក្រុមជើងឯកពាន Ligue 1 នារដូវកាលមុននោះ បានបន្តឈ្នះពានបើករដូវកាលលីគកំពូលបារាំងទៀត គឺ France-Super Cup 2021 នៅពេលយកឈ្នះ Paris Saint-Germain ដោយលទ្ធផល ១-០ នៅរាត្រីឆ្លងចូលថ្ងៃចន្ទ ទី០២ ខែសីហា (ម៉ោងនៅកម្ពុជា)។

កីឡាករ Xeka ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤៥ ពីការបញ្ជូនរបស់ Burak Yilmaz នៅពេលដែលក្រុមរបស់លោក Mauricio Pochettino ពុំបានកោះហៅកីឡាករសំខាន់ៗចូលរួមទេនោះ រួមមាន Angel Di Maria, Kylian Mbappe និង Neymar ជាដើមឡើយ។

នេះជាលើកទី១ ផងដែរដែលក្រុម Lille ឈ្នះពានបើករដូវកាលនេះ ដ្បិតកន្លងមកឈ្នះតែក្រុមខ្លាំង Paris Saint-Germain តែប៉ុណ្ណោះក្នុងចំណោម ៨រដូវកាលចុងក្រោយនេះ។

តែយ៉ាងណា Lille នឹងចាប់ផ្តើមយុទ្ធនាការការពារជើងឯក Ligue 1 របស់ពួកគេ ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះ Metz នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ គ្រាដែល PSG នឹងត្រូវប៉ះម្ចាស់ផ្ទះ Troyes នៅថ្ងៃបើកឆាកសប្តាហ៍ទី១ រដូវកាលថ្មីរបស់ពួកគេផងដែរ៕