(ក្រុងគៀវ)៖ លោក Andriy Shevchenko អតីតកីឡាករលំដាប់កំពូលនៃក្លិបតោខៀវ Chelsea និង AC Milan ផងនោះ បានលាលែងពីតំណែងគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែនជាផ្លូវការហើយ នៅពេលក្រុមប្រទេសកំណើតខ្លួនជ្រុះត្រឹមវគ្គ ៨ក្រុមចុងនៅព្រឹត្តិាការណ៍ពានអឺរ៉ុប UEFA Euro 2020។

លោក Shevchenko បានដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែន ឡើងដល់វគ្គចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយជាលើកដំបូងនៅយុទ្ធនាការជើងឯកអឺរ៉ុប Euro ដ្បិតពួកគេពុំដែលឡើងដល់វគ្គនេះឡើយនាពេលកន្លងមក។

បុរសវ័យ ៤៤ឆ្នាំខាងលើនេះបានចូលកាន់តំណែងជាគ្រូបង្វឹកធំនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនកាលឆ្នាំ២០១៦ និងបានដឹកនាំក្រុមឯកសណ្ឋានអាវលឿងនេះឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៅពាន Euro 2020 ជាប្រវត្តិសាស្រ្ត បើទោះបីជាចាញ់អង់គ្លេស ៤-០ ក៏ដោយ។

Shevchenko ដែលបានលាឈប់ពីការលេងឲ្យជម្រើសជាតិអ៊ុយក្រែនក្នុងឆ្នាំ២០១២ នោះ គឺបានកំពុងកាន់កំណត់ត្រារកបាន ៤៨គ្រាប់ឲ្យជម្រើសជាតិច្រើនជាងគេផងដែរ ពីការចូលលេងបាន ១១១ប្រកួតផងនោះ និងបានសរសេរនៅលើបណ្តាញ Instagram ផ្ទាល់ខ្លួនដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «យើងទាំងអស់គ្នាសុទ្ធតែមានគោលដៅរួមក្នុងការដឹកនាំអ៊ុយក្រែន ក្លាយជាគូប្រជែងនឹងគេទាំងសមិទ្ធផល និងភាពសប្បាយរីករាយផងដែរ»