(សៀមរាប)៖ ស្រុកបន្ទាយស្រីនាពេលបច្ចុប្បន្ននេះ បាននិងកំពុងអភិវឌ្ឍខ្លួនកាន់តែរីកដុះដាល ពិសេសលើវិស័យទេសចរណ៍។ ផលិតផលទេសចរណ៍ដ៏ច្រើនសម្បូរបែបនៅក្នុងស្រុកនេះ បានក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរមកពីនាយ ឱ្យទៅទស្សនាកម្សាន្តជាប់មកជាហូរហែ។

ក្នុងចំណោមទីលម្ហែកម្សាន្តទាំងនោះ «បឹងឈូកបន្ទាយស្រី» ក៏ជារមណីយដ្ឋានដ៏ទាក់ទាញមួយ ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ហើយនៅទីនេះភ្ញៀវទេសចរអាចដើរលម្ហែគយគន់ទេសភាពផ្ទៃទឹក ជិះកាណូតកម្សាន្តនៅជុំវិញបឹង ព្រមទាំងមានសេវាកម្មម្ហូបអាហារដ៏ឆ្ងាញ់ពិសាទៀតផង។

នៅចន្លោះជួរភ្នំសណ្ដូកលើប្រឹថពី «សួនក្រអូបឃុនរាម» កំពុងសេពមន្តអន្ទងចិត្តបណ្ដាមិត្តទេសចរ ឱ្យចូលទៅទស្សនាជាឥតល្ហែ ជាមួយនឹងសម្រស់បុប្ផារីកស្គុះស្គាយ គួរជាទីនែបនិត្យ។

ប្រសិនបើនិយាយអំពីសេវាកម្មស្នាក់នៅវិញនោះ ស្រុកបន្ទាយស្រីក៏មានកន្លែងផ្ទះស្នាក់ និងកន្លែងបោះតង់ពិសេសប្លែកអារម្មណ៍ទៀតដែរ ក្នុងនោះ «សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន» គឺជាទីស័ក្តិសមបំផុត។

មិនមែនជាការស្នាក់នៅធម្មតាឡើយ ដោយនៅសហគមន៍នេះ ភ្ញៀវទេសចរនឹងបានស្គាល់រសជាតិអាហារអ្នកភូមិ ដែលពួកគាត់ខិតខំរៀបចំឡើងយ៉ាងពេញចិត្ត ហើយអាចភ្លក្សនូវរសជាតិក្រឡានឃុំត្បែង ដែលមានឱជារសឈ្ងុយឆ្ងាញ់មិនចាញ់ក្រឡាននៅតំបន់ផ្សេងឡើយ។

អ្វីដែលមិនអាចរំលងបាននោះ គឺការទៅទស្សនានៅ «ប្រាសាទបន្ទាយស្រី» ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្អវិចិត្រមួយនាប៉ែកឦសានក្រុងអង្គរ។
គយគន់សម្រស់ក្បូរក្បាច់នៅតាមចម្លាក់ថ្ម ស្ដាប់ការបរិយាយរបស់មគ្គុទ្ទេសក៍ប្រចាំតំបន់ ញ៉ាំងឱ្យទស្សនានៅទីបុរាណស្ថាននេះកាន់តែរីករាយគាប់ឥតឧបមា។

មន្ត្រីឆ្មាំការពារប្រាសាទដូនតាបានរៀបរាប់ថា ប្រាសាទបន្ទាយស្រី ត្រូវបានកសាងឡើងនៅគ្រិស្តសករាជ ៩៦៧ ក្រោមការផ្ដួចផ្ដើមរបស់ព្រាហ្មណ៍ម្នាក់ឈ្មោះ «យជ្ញវរាហៈ» ចាប់ពីចុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ រហូតដល់ដើមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ខណៈប្រាសាទពណ៌ស៉ីជម្ពូនេះ មានឈ្មោះដើមហៅថា «ឥស្វរបុរៈ»៕

សូមទស្សនាវីដេអូទេសចរណ៍នៅស្រុកបន្ទាយស្រី ដែលផលិតដោយ Fresh Studio ក្នុងកម្មវិធី «ដំណើរខ្ញុំ» វគ្គ២៖