(ភ្នំពេញ)៖ ក្រុមហ៊ុន Legend Cinema Co.,Ltd ដែលជាម្ចាស់រោងភាពយន្តប្រ៊ែន Legend Cinema ដ៏ល្បីឈ្មោះមួយនៅប្រទេសកម្ពុជា មកទល់បច្ចុប្បន្ននេះមានសាខាចំនួន ៩ទីតាំង ហើយសាខាថ្មីចុងក្រោយគេបំផុតដែលនឹងបើកដំណើរការឆាប់ៗនៅចុងឆ្នាំខាងមុខនេះគឺនៅផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល បើស្ថានភាពកូវីដបានធូរស្រាល និងមានការអនុញ្ញាតឡើងវិញពីរាជរដ្ឋាភិបាល។

លោក រស់ ទេវនាថ ប្រធានគ្រប់គ្រងប្រតិបត្តិការរោងភាពយន្ត Legend Cinema បានបង្ហាញពីមូលហេតុនៃការបន្តពង្រីកសាខារោងភាពយន្តរបស់ខ្លួនមកផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល យ៉ាងដូចច្នេះថា៖ «យើងមើលឃើញថា ផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល ជាទីតាំងដ៏មានសក្តានុពលមួយ ដោយសារតែប្រជាជនរស់នៅក្នុងតំបន់ជុំវិញទីនោះ សម្បូរទៅដោយយុវវ័យ និងមនុស្សពេញវ័យ ដែលចូលចិត្តរបៀបនៃការរស់នៅបែបស៊ីវិល័យច្រើន ហើយម្យ៉ាងវិញទៀតក៏ដោយសារតែយើងទទួលបានការគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុងរីថែល ឈរលើមហិច្ឆតានៃចក្ខុវិស័យរបស់ក្រុមហ៊ុនផងដែរ»

លោកបន្តទៀតថា បទពិសោធន៍កន្លងមក ជាមួយក្រុមការងារថ្នាក់ដឹកនាំនៃផ្សាទំនើប ជីប ម៉ុង កន្លងមក គឺមានលក្ខណៈល្អប្រសើរជាទីបំផុត ដោយទទួលបាននូវការយកចិត្តទុកដាក់ និងជួយគាំទ្រយ៉ាងពេញទំហឹងក្នុងអំឡុងពេលវិបត្តិជំងឺកូវីដនេះ។

បន្ថែមពីនេះ ការផ្សព្វផ្សាយពីសាខារោងភាពយន្ត Legend Cinema សាខា ជីប ម៉ុង ណូរ៉ូម៉ល ទៅកាន់អតិថិជនក៏បានធ្វើយ៉ាងទូលំទូលាយផងដែរនាពេលកន្លងមក ដូច្នេះហើយជាមួយនឹងបទពិសោធន៍ទាំងនេះ គឺបានជម្រុញឲ្យយើងប្តេជ្ញាថាទីណាមានផ្សារទំនើប ជីប ម៉ុង ម៉ល ទីនោះនឹងមានរោងភាពយន្ត Legend Cinema ។

លោកបន្ថែមថា «មានកត្តាជាច្រើនដែលយើងមិនបារម្ភពីចរាចរណ៍ភ្ញៀវមកទស្សនា ឬទិញទំនិញផ្សេងៗនៅផ្សារទំនើបថ្មីនេះ ដែលក្នុងនោះ រួមមានដូចជា ទីតាំងផ្សារទំនើបមួយនេះ គឺហ៊ុមព័ទ្ធដោយបុរីនៅជុំវិញ ហើយផ្សារទំនើបខ្លួនឯងក៏មានសុទ្ធតែប្រ៊ែនផលិតផលល្បីៗចម្រុះគ្នារាប់ចាប់ពីហាងម្ហូបអាហារ ភេសជ្ជៈ ផ្សារទំនិញផ្គត់ផ្គង់ទំនិញប្រចាំថ្ងៃ»

លើសពីនោះ ក៏មានហាងសម្លៀកបំពាក់ សួនកម្សាន្តសម្រាប់កុមារ និងរចនាបថដ៏ស្រស់ស្អាតនៃស្ថាបត្យកម្មផ្សារទំនើបមួយនេះផងដែរ៕