(បរទេស)៖ ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានសម្តែងនូវការថ្លែងអំណរគុណ ចំពោះតារាចម្រៀង K-POP លោក Minhyuk សមាជិកក្នុងក្រុមចម្រៀង BTOB សម្រាប់ការចែករំលែកបទពិសោធន៍របស់លោក ជាមួយជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

តាមរយៈបណ្តាញសង្គម Twitter លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានសរសេរសារថា លោកពិតជារីករាយនៅពេលដឹងថា តារាចម្រៀង K-POP លោក Minhyuk សមាជិកក្នុងក្រុមចម្រៀង BTOB បានចាកចេញពីមន្ទីរពេទ្យ និងជូនពរឲ្យតារារូបនេះ ជាសះស្បើយទាំងស្រុងពីជំងឺកូវីឌ-១៩។ លោក ថេដ្រូស ក៏បានថ្លែងអំណរគុណ ចំពោះការចែករំលែកវីដេអូរបស់ Minhyuk តាមរយៈការ Live ក្នុងបណ្តាញសង្គម ប្រាប់ពីបទពិសោធន៍ជំងឺកូវីដ-១៩ និងថ្លែងសារដាស់តឿនដល់អ្នកគាំទ្រ ដើម្បីឲ្យមានការការពារខ្លួនឲ្យបានល្អពីជំងឺកូវីដ-១៩ តាមរយៈការអនុវត្តន៍វិធានការបង្ការនានា។

គួរជម្រាបថា តារាចម្រៀង K-POP លោក Minhyuk សមាជិកក្នុងក្រុមចម្រៀង BTOB បានចំណាយពេល២សប្តាហ៍ នៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺកូវីដ-១៩។ ក្រោយជាសះស្បើយ តារារូបនេះ បានចែករំលែកសារ ទៅកាន់អ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រ ដើម្បីឲ្យមានការប្រុងប្រយ័ត្នពីជំងឺនេះ ពោលគឺកុំមានការប្រហែលជាមួយសត្រូវគ្មានរូបរាងនេះឲ្យសោះ៕