(ភ្នំពេញ)៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានចាត់ទុកការហ្វឹកហាត់តាម Online ក្នុងបរិបទកូវីដ-១៩ គឺជាបញ្ហាធំសម្រាប់កីឡាចំបាប់ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ដ្បិតគូប្រជែង ពិសេសវៀតណាម ដែលជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ កំពុងហ្វឹកហាត់ផ្ទាល់ជាមួយគ្នា ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះ ។

ការលើកឡើងរបស់នាយកវិទ្យាស្ថាន CamEd Business School ខាងលើ បន្ទាប់ពីលោកបានឧបត្ថម្ភនូវសម្ភារៈស្បែកជើងហ្វឹកហាត់ដល់ក្រុមជម្រើសជាតិចំបាប់កម្ពុជាចំនួន ៣៧គូ ដែលមានតម្លៃប្រមាណ ៦ពាន់ដុល្លារ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ តាមរយៈលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ។ លោករំពឹងថា ស្បែកជើងសម្រាប់ហ្វឹកហាត់ថ្មីនេះ នឹងជំរុញឲ្យកីឡាករ-កីឡាការិនីបង្កើនការហ្វឹកហាត់ប្រកបដោយគុណផល ដើម្បីត្រៀមការប្រកួតស៊ីហ្គេមនាពេលខាងមុខ ។

ជុំវិញការហ្វឹកហាត់តាម Online ដដែល បុរសជនជាតិអាមេរិកកាំងខាងលើ បានបញ្ជាក់ថា «វាជាបញ្ហាធំ ពីព្រោះឥលូវយើងអត់មានឱកាសប្រមូលផ្ដុំហ្វឹកហាត់ មានតែហ្វឹកហាត់ Online ហើយកីឡាចំបាប់ ហ្វឹកហាត់តាម Online គឺមិនសូវមានប្រសិទ្ធភាព ដូចការហ្វឹកហាត់ផ្ទាល់ៗនោះទេ ហើយខ្ញុំជឿជាក់ថា ម្ចាស់ផ្ទះវៀតណាម មិនមែនហ្វឹកហាត់ Online នោះទេ គឺពួកគេហ្វឹកហាត់មែនទែន ។ ដូច្នេះគូប្រកួតរបស់យើង ហ្វឹកហាត់មែនទែន ហើយយើងហ្វឹកហាត់ Online គឺវាមានផលប៉ះពាល់ខ្លាំង»

«ប៉ុន្ដែយ៉ាងណាមិញ ដោយសារស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវពន្យារពេលការប្រកួតទៅខែមេសា ឆ្នាំ២០២២ ហេតុនេះវាផ្ដល់ឱកាសឲ្យយើងចាប់ផ្ដើមហ្វឹកហាត់ឡើងវិញ ដើម្បីបង្កើនក្ដីសង្ឃឹមរបស់យើង ។ លើសពីនេះ យើងទើបមានគ្រូបង្វឹកថ្មីមកពីប្រទេសអ៊ីរ៉ង់ គាត់ទើបមកដល់កម្ពូជា គាត់នឹងចូលរួមបង្ហាត់ឲ្យកីឡាករ-កីឡាការិនីយើង ។ ម្យ៉ាងវិញទៀត មានកីឡាករ-កីឡាការិនីយើង ១០នាក់ បន្ដិចទៀត នឹងចេញទៅហ្វឹកហាត់នៅចិនផងដែរ» លោក ខេស៊ី បាណេត បញ្ជាក់បន្ថែម ។

អនុប្រធានសហព័ន្ធដែលបន្ដថា «ខ្ញុំគិតថា សម្រាប់ស៊ីហ្គេម នៅវៀតណាម យើងនឹងរក្សាចំនួនមេដាយ ដែលយើងដណ្ដើមបានក្នុងស៊ីហ្គេម នៅហ្វីលីន(មេដាយសំរឹទ្ធ ៥គ្រឿង) ប៉ុន្ដែមិនដល់ចំនួនមេដាយ ដែលយើងដណ្ដើមបានក្នុងស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា នោះទេ ។ ប៉ុន្ដែគោលដៅរបស់យើង ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា យើងនឹងឡើងដល់ចំនួនមេដាយយើងឈ្នះនៅស៊ីហ្គេម ឆ្នាំ២០១៣ ឬលើសពីនោះ ។ កាលពីស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា យើងបានឈ្នះមេដាយមាស ៤, ប្រាក់ ២ និងសំរឹទ្ធ ២» ។

គួរដឹងថា កីឡាចំបាប់ គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ក្នុងការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ចំបាប់កម្ពុជាដណ្ដើមមេដាយ ១០គ្រឿងម្នាក់ឯង (មាស ៤, ប្រាក់ ២ និងសំរឹទ្ធ ៤) ។ ប៉ុន្ដែក្រោយខកខានចូលរួមស៊ីហ្គេម ២លើក នៅសិង្ហបុរី និងនៅម៉ាឡេស៊ី ដោយសារម្ចាស់ផ្ទះមិនបានដាក់វិញ្ញាសាកីឡាចំបាប់នោះ កីឡាចំបាប់កម្ពុជា បានធ្លាក់មេដាយ ដោយដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ៥គ្រឿងប៉ុណ្ណោះ ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន៕