(ចិន)៖ បន្ទាប់ពីប៉ូលីសទីក្រុងប៉េកាំង បានបើកការស៉ើបអង្កេត ទៅលើករណីតារាចម្រៀង និងជាតារាសម្តែងល្បីជនជាតិចិន-កាណាដា លោក Kirs Wu ដែលត្រូវនារីម្នាក់ចោទប្រកាន់ថា បានលួងលោមរូបគេ និងក្មេងស្រីដទៃទៀត ដើម្បីធ្វើការរួមភេទរួចមក នៅពេលនេះតារាល្បី Kris Wu វ័យ៣០ឆ្នាំ ត្រូវបានប៉ូលីសឃាត់ខ្លួន ពីបទ «សង្ស័យរំលោភសេពសន្ថវៈ»។ បន្ថែមពីនេះ ខណៈតារាល្បី Kris Wu កំពុងជាប់ឃុំ មេធាវីម្នាក់បានលើកឡើងថា ប្រសិនបើរកឃើញថា Kris Wu ពិតជាបានប្រព្រឹត្តិបទល្មើសមែននោះ លោកទំនឹងជាអាចជាប់ពន្ធនាគារច្រើនជាង១០ឆ្នាំ ឬអាចទៅដល់១ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

រំឭកទៅកាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅថ្មីៗនះ នារីម្នាក់ឈ្មោះ Du Meizhu បានបង្ហោះព័ត៌មានមួយចំនួននៅលើបណ្តាញសង្គមចិន Weibo ដោយអះអាងថា នាងត្រូវបានអ្នកចាត់ការរបស់ Kris ទាក់ទង មកផ្ទះ Kris ដើម្បីជុំគ្នាជ្រើសរើសតួឯកស្រី ឲ្យសម្ដែងក្នុងវីដេអូបទចម្រៀងរបស់ Kris។ បន្ទាប់មកក៏មានអ្នកចូលរួមខ្ទង់១០នាក់ ហើយក៏ធ្វើពិធីជប់លៀង ដោយពួកគេបានលេងសប្បាយ និងផឹកស៊ីក្នុងផ្ទះរបស់ Kris រហូតដល់ម៉ោង៧ព្រឹក។ អ្នកដែលបានចូលរួម គឺចេញទៅផ្ទះវិញម្ដងម្នាក់ៗ នៅសល់តែ Du Meizhu តែប៉ុណ្ណោះ ហើយពួកគេទាំងពីរ គឺ Kris និង Meizhu ក៏បានរួមដំណេកជាមួយគ្នា។ ហើយនាងក៏បានបង្ហាញទៀតថា មានជនរងគ្រោះមួយចំនួនទៀត បានប្រាប់នាងថា ពួកគេក៏បានជាប់រឿងរ៉ាវស្រដៀងរូបនាងដែរ ជាមួយនឹងតារាប្រុស Kris។

ក្រោយមក លោក Kris Wu ក៏បានចេញមុខមកបដិសេធភ្លាមៗ ចំពោះការចោទប្រកាន់ខាងលើ ដោយអះអាងថា «បើដូចការចោទប្រកាន់មែន សូមកុំបារម្ភ ខ្ញុំនឹងដើរចូលគុកដោយខ្លួនឯង។ ខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់ នូវពាក្យដែលបាននិយាយ»

យ៉ាងណាមិញ ក្រោយពីប៉ូលីសទីក្រុងប៉េកាំងចាប់ខ្លួនតារាល្បី Kris Wu មានមេធាវីមួយចំនួនបានធ្វើការជជែកពីករណីរបស់តារាប្រុសរូបនេះ និងអនាគតរបស់លោកចំពោះបទល្មើសដែលបានចោទប្រកាន់។ ទន្ទឹមគ្នានេះ មេធាវីម្នាក់ឈ្មោះថា Yan Xu ក៏បានបញ្ចេញមតិទៅលើករណី Kris Wu ថា ប្រសិនបើរកឃើញថាមានបទល្មើស តារារូបនេះអាចជាប់ពន្ធនាគារលើសពី១០ឆ្នាំ និងរហូតដល់១ជីវិត។

គួរជម្រាបថា ក្រោយរឿងរ៉ាវខាងលើបានកើតឡើង គេសង្កេតឃើញថា គណនីរបស់ Kris រួមទាំងរបស់គណនីផ្លូវការ របស់ ក្រុមហ៊ុន ត្រូវ បាន លុប ចោល តែម្ដង ហើយក៏ លែង អាចដំណើរការ តទៀតដែរ លើបណ្តាញសង្គម Weibo។ បន្ថែមពីនេះ រាល់គណនី Weibo ដែលចេញ ការពារ Kris Wu បូករួមទាំងគណនីបណ្ដុំអ្នកគាំទ្ររបស់ Kris ផងដែរនោះ ក៏សុទ្ធ តែ ត្រូវ បាន លុបចោល ឬគ្រាន់តែផ្អាកដំណើរការដូចគ្នា។ បច្ចុប្បន្នករណីតារារូបនេះ កំពុងបន្តនិតិវិធីស៉ើបអង្កេតផងដែរ៕