(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ កម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ ឬ «Miss Wisdom 2021» បានរកឃើញម្ចាស់មកុដជាផ្លូវការហើយ ដោយបានទៅលើកញ្ញាឯកមកពី ខេត្តបាត់ដំបង ជាអ្នកគ្រងមកុដពីកម្មវិធីដ៏អស្ចារ្យនេះ។ បេក្ខភាពជយលាភីរូបនេះ នឹងក្លាយជាអ្នកតំណាងឲ្យប្រទេសកម្ពុជា ដើម្បីត្រៀមខ្លួនទៅប្រកួតនៅក្នុងប្រទេសវៀតណាម នាពេលខាងមុខនេះ។

បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់លេខ១ ឬ ជាម្ចាស់មកុដនេះ គឺបានទៅលើកញ្ញា ហុក សារិតុលា អាយុ១៩ឆ្នាំ កម្ពស់១.៧០ និងទម្ងន់ ៤៩គីឡូក្រាម។ កញ្ញា ហុក សារិតុលា បានឈ្នះមកុដ ដោយសារតែនាងពូកែឆ្លើយនឹងសំណួរ ជាភាសាអង់គ្លេស ដោយភាពក្លាហាន និង ភាពជឿជាក់។

ជ័យជម្នះរបស់ កញ្ញា ហុក សារិតុលា ក៏កើតចេញពីការប្រឹងប្រែងដ៏ស្វិតស្វាញ តាំងពីដំណាក់កាលដំបូង រហូតដល់វគ្គចុងក្រោយ ជាមួយនឹងបេក្ខនារីជាច្រើននាក់ទៀត។ នេះជាកម្មវិធីដែលទទួលសិទ្ធិរៀបចំ ដោយក្រុមហ៊ុនមហាហង្ស ក្រោមការរៀបចំរបស់លោក អ៉ិន សុភិន ដែលជាអ្នករៀបចំការប្រកួត «Miss Grand Cambodia» កាលពីឆ្នាំ២០២០ នាពេលកន្លងទៅ។

លោក អ៉ិន សុភិន ក៏នឹងគ្រោងយកបេក្ខនារីជាអ្នកឈ្នះ កញ្ញា ហុក សារិតុលា ដើម្បីចេញទៅប្រកួតនៅវៀតណាមនាពេលខាងមុខ ប្រសិនបើនាងគោរពតាមលក្ខខណ្ឌដែលគ្មានការដោះដូរ ឬពុំមានអ្វីកើតឡើងចំពោះរូបនាង៕