(ហូឡង់)៖ ក្រុមហ៊ុនផលិតស្រាបៀ Heineken បានបង្ហាញនូវថ្ងៃចន្ទនេះ ពីការរកបានប្រាក់ចំណូលច្រើន នៅក្នុងឆមាសដំបូងឆ្នាំនេះ ខណៈបណ្តាប្រទេសជាច្រើន បានដកការរឹតត្បិត ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺ COVID-19, ប៉ុន្តែជំងឺរាតត្បាតនេះ នៅតែបន្តប៉ះពាល់ ដល់ក្រុមហ៊ុនស្រាបៀរហូឡង់នេះ នៅក្នុងទីផ្សារសំខាន់ៗ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។

ប្រាក់ចំណេញសុទ្ធ បានកើនឡើងដល់១ពាន់លានអឺរ៉ូ (១.២ពាន់លានដុល្លារអាមេរិក) នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមហ៊ុនបានខាតបង់ប្រាក់២៩៧លានអឺរ៉ូ នៅអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

ប៉ុន្តែក្រុមហ៊ុន Heineken បានលើកឡើងថា ខ្លួនរំពឹងថា លទ្ធផលហិរញ្ញវត្ថុពេញមួយឆ្នាំរបស់ខ្លួន នឹងនៅតែស្ថិតក្រោមកម្រិត មុនការរីករាលដាលនៃជំងឺឆ្លងនេះ។

COVID-19 នៅតែបន្តប៉ះពាល់ដល់តំបន់អាស៊ីនិងអាហ្វ្រិក, ជាតំបន់ទីផ្សារសំខាន់ចំនួន២ សម្រាប់ក្រុមហ៊ុនស្រាបៀនេះ, ខណៈពេលដែលថ្លៃទំនិញកើនឡើង នឹងចាប់ផ្តើមប៉ះពាល់ដល់ស្រាបៀរ Heineken នៅឆមាសទី២, នេះបើតាមសម្តីលោក Dolf van den Brink ប្រធានប្រតិបត្តិក្រុមហ៊ុន Heineken៕