(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម Twitter នឹងសហការជាមួយទីភ្នាក់ងារព័ត៌មាន Associated Press (AP) និង Reuters ដើម្បី ផ្ដល់នូវព័ត៌មានដែលគួរឱ្យទុកចិត្ត និងជឿជាក់បាននៅលើបណ្ដាញសង្គមរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានមិនពិត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ បង្ហាញសង្គមធំៗជាច្រើននៅលើពិភពលោកបានស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរមួយគឺ ព័ត៌មានមិនពិត ឬព័ត៌មានបន្លំ (ច្រឡំ) បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ ដែលតម្រូវឱ្យបណ្ដាញសង្គមទាំង នោះ ត្រូវតែអនុវត្តវិធានការក្ដៅ ប៉ុន្តែនៅតែមិនអាចជោគជ័យ។

កាលពីដើមឆ្នាំនេះ Twitter បានចេញនូវកម្មវិធីមួយដែលមានឈ្មោះថា «Birdwatch» ដោយស្នើសុំឱ្យអ្នកប្រើប្រាស់របស់ខ្លួនធ្វើការ កំណត់អត្តសញ្ញាណ និងពិនិត្យទៅលើមាតិកាដែលបានបង្ហោះថាវាជាព័ត៌មានពិត ឬក្លែងក្លាយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ Twitter ក្នុងការលុបមាតិកាទាំងនោះ។

Twitter បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមធ្វើការងារជាមួយនឹងបណ្ដាញព័ត៌មានផ្សេងៗ ស្របពេលដែលព័ត៌មានមិនពិតកំពុងតែរីករាលដាលខ្លាំង ដោយក្នុងនោះ Twitter នឹងកំណត់អត្តសញ្ញាណប្រភពនៃព័ត៌មាន ហើយបើសិន ជារកឃើញថាប្រភពព័ត៌មាននោះជាព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនោះ Twitter នឹងលុបចោល ហើយបិទគណនីនោះតែម្ដង ជាពិសេសអ្វីដែលត្រូវធ្វើមុនគេនោះគឺចាប់ផ្ដើមឆែកទៅលើមាតិកាព័ត៌មានដែលកំពុងតែពេញនិយម ដូចជាកូវីដ១៩ជាដើម។

នៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ Twitter បាននិយាយថា «ភាពជឿជាក់ ត្រឹមត្រូវ មិនលំអៀងគឺជាបេះដូងនៃអ្វីដែល Reuters ធ្វើជារៀងរាល់ថ្ងៃ.... គុណតម្លៃទាំងនោះក៏ជំរុញឱ្យមានការប្ដេជ្ញាចិត្តរបស់យើងក្នុងការបញ្ឈប់ ការរីករាលដាលនៃព័ត៌មាន មិនពិតផងដែរ»

លោក Tom Januszewski អនុប្រធានការអភិវឌ្ឍន៍អាជីវកម្មសកលរបស់ AP បាននិយាយ «យើងមានក្ដីរំភើបជាខ្លាំង ចំពោះការ សហការ និងទុកចិត្តលើសេវាកម្មរបស់យើង»

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សេតវិមាន និងលោក Joe Biden បានរិះគន់ទៅលើបណ្ដាញសង្គម Facebook និង YouTube ថាកំពុងតែ សម្លាប់មនុស្ស តាមរយ:ការផ្សព្វផ្សាយព័ត៌មានមិនពិត (ខុស) ពាក់ព័ន្ធនឹងការការចាក់វ៉ាក់សាំងកូវីដ១៩៕